លោក ដូណាល់ ត្រាំ មិនខ្វល់ខ្វាយអ្វីឡើយ ប្រសិនបើអ៉ីរ៉ង់ ចូលរួមលេង World Cup 2026
04-03-2026 11:02
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា «រូបលោកមិនខ្វល់ខ្វាយអ្វីឡើយ» ប្រសិនណាក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ ចូលរួមព្រឹត្តិការណ៍ World Cup 2026 នារដូវក្តៅនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការលើកឡើងបែបនេះ ស្របពេលប្រទេសម្ចាស់ផ្ទះ World Cup អាមេរិក បានកំពុងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់តាមផ្លូវអាកាសផងដែរមានរយៈពេល ៥ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈមក។
សហរដ្ឋអាមេរិក ជាដៃគូសហម្ចាស់ផ្ទះ World Cup 2026 ជំនាន់ទី២៣ ជាមួយមិចស៊ិក និងកាណាដា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅពេលអ៉ីរ៉ង់ក៏បានឆ្លងផុតវគ្គឡើងមកលេង World Cup ជុំចុងក្រោយនេះដែរ។
ស្ថិតក្នុងស្ថានភាពសង្រ្គាមនៅចំពោះមុខបែបនេះ លោកត្រាំ បានថ្លែងប្រាប់ Politico ថា «លោកពុំមានកង្វល់ និងធ្វើទុក្ខបុកម្នេញអ្វីឡើយ ប្រសិនណាអ៉ីរ៉ង់មានវត្តមាននៅ WC26»។
លោកបានបន្ថែមថា «ខ្ញុំគិតថា អ៉ីរ៉ង់នឹងចាញ់សង្រ្គាមនេះយ៉ាងធ្ងន់ធ្ងរបំផុត។ ពួកគេកំពុងស្ថិតនៅផ្លូវដ៏គ្រោះថ្នាក់ហើយ»។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ ពុំមានការបញ្ជាក់ណាមួយចេញពីអ៉ីរ៉ង់ ពីវត្តមាននៅ World Cup 2026 និងស្ថិតក្នុងការសញ្ជឹងគិតនៅឡើយ។ អ៉ីរ៉ង់ ជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ី ដែលបានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់ជាលើកទី៤ ជាប់ៗគ្នានៅ World Cup ដែល ៣ប្រកួតរបស់ពួកគេនៅកម្មវិធីធំនេះ សុទ្ធតែលេងនៅសហរដ្ឋអាមេរិកទាំងអស់ ក្នុងចំណោម ៤៨ប្រទេសចូលរួម៕



