Rodrygo ខកខានជួយសាំបាប្រេស៊ីលនៅ World Cup 2026 ក្រោយរបួស ACL ជាទម្ងន់
04-03-2026 11:39
(បរទេស)៖ ខ្សែប្រយុទ្ធក្លិប Real Madrid គឺ Rodrygo បានហៅថា «វាជាពេលដ៏អាក្រក់បំផុតក្នុងអាជីពបាល់ទាត់របស់លោក» ដែលបានអវត្តមានរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦ នេះតែម្តង ក្រោយរងរបួសសរសៃពួរ ACL ជាទម្ងន់រួចមក។
នេះមានន័យថា Rodrygo នឹងអវត្តមានពីជម្រើសជាតិសាំប្រេស៊ីល នៅ World Cup 2026 ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
កីឡាករវ័យ ២៥ឆ្នាំរូបនេះបាននិយាយថា រូបលោកបានធ្វើការពិនិត្យរួចរាល់ហើយ អំពីការប៉ះពាល់ជាទម្ងន់ចំពោះសរសៃពួរ ACL ត្រង់ជង្គង់ឆ្វេងរបស់លោក។
ជាទូទៅ ការរបួសសរសៃពួរ ACL វាតែងតែធ្វើឱ្យកីឡាករបាល់ទាត់គ្រប់រូប ស្ទើរតែបាត់បង់អាជីព និងធ្លាក់ទម្រង់លេងជាខ្លាំង ជាមួយនឹងការប្រើរយៈពេលយូរ ដើម្បីព្យាបាលទៀតផង។
Rodrygo ត្រូវបានដាក់ឱ្យចូលលេងក្នុងវគ្គទី២ នៅនាទីទី៥៥ នៃជំនួបដែលអធិរាជស Real បានចាញ់ Getafe ក្នុងលីគកាលពីរាត្រីថ្ងៃចន្ទ និងជាលើកដំបូងផងដែរសម្រាប់គេ គិតចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៦ មក។
នៅចាំបានថា Rodrygo បានចូលលេង ៥ប្រកួតជាមួយអតីតជើងឯកពិភពលោក World Cup ៥សម័យច្រើនជាងគេ កាលពី World Cup 2022 ត្រូវបានរៀបចំឡើងនៅប្រទេសកាតា នៅពេលក្រុមសាំបាមួយនេះបានឈានដល់វគ្គ ៨ក្រុមចុងក្រោយ ដែលពួកគេបានចាញ់ក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕



