រដ្ឋបាលលោក ត្រាំ ពិភាក្សាថាតើគួរអនុញ្ញាតឱ្យក្រុមហ៊ុនចិន Tencent រក្សាមូលធនក្នុងវិស័យហ្គេមបន្តទៀតឬយ៉ាងណា
04-03-2026 14:07
(បទរស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times (FT) និងដកស្រង់ដោយ Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា សេតវិមានកំពុងស្ថិតក្នុងកិច្ចពិភាក្សាផ្ទៃក្នុងយ៉ាងតឹងរ៉ឹង អំពីការសម្រេចចិត្តថា តើត្រូវអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings បន្តកាន់កាប់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនហ្គេមធំៗរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែរឬទេ?
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំដើម្បីវាយតម្លៃថា តើការវិនិយោគរបស់ Tencent ក្នុងក្រុមហ៊ុនហ្គេមដូចជា Epic Games (អ្នកបង្កើតហ្គេម Fortnite) និង Riot Games (អ្នកបង្កើតហ្គេម League of Legends) អាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ឬទិន្នន័យអ្នកប្រើប្រាស់ដែរឬទេ។ ការពិភាក្សានេះកើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនសម្រាប់ជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសចិននាខែមេសាខាងមុខ។
ក្រៅពីក្រុមហ៊ុនអាមេរិក Tencent ក៏មានចំណែកភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Supercell របស់ប្រទេសហ្វាំងឡង់ (អ្នកបង្កើតហ្គេម Clash of Clans) ផងដែរ។
រដ្ឋបាលលោក ត្រាំ កំពុងពិចារណាថា តើគួរបង្ខំឱ្យ Tencent បោះបង់ភាគហ៊ុន (Divestment) ឬដាក់លក្ខខណ្ឌតឹងរ៉ឹងផ្សេងៗដើម្បីបន្តការវិនិយោគ។ រដ្ឋាភិបាលអាមេរិកមានការសង្ស័យជាយូរមកហើយលើលទ្ធភាពដែលរដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិករាប់លាននាក់ តាមរយៈកម្មវិធី និងហ្គេមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន។ គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) បាននឹងកំពុងតាមដានករណីនេះយ៉ាងដិតដល់។
មកទល់ពេលនេះ ទាំងសេតវិមាន និងក្រុមហ៊ុន Tencent មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះសំណើរសុំការអត្ថាធិប្បាយពីភ្នាក់ងារព័ត៌មាន Reuters នៅឡើយទេ៕





