គ្រូភ្នំពេញក្រោន និងព្រះខ័នរាជ ជឿជាក់ជំនួប AFC Challenge League ស្អែកនេះ នឹងតានតឹងខ្លាំង
04-03-2026 14:55
(ភ្នំពេញ)៖ ជំនួបជើងទី១ រវាងក្រុមតំណាងកម្ពុជាទាំងពីរ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ នឹងមកដល់នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈគ្រូបង្វឹកក្រុមទាំងពីរ ជឿជាក់ជំនួបជាប្រវត្តិសាស្ដ្រ នេះ នឹងមានភាពតានតឹងខ្លាំង បើធៀបនឹងប្រវត្តិក្រុមទាំងពីរជួបគ្នាកន្លងមក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅថ្ងៃពុធនេះ Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនថា នេះជាលើកដំបូង ក្នុងប្រវត្តិសាស្ដ្របាល់ទាត់កម្ពុជា ដែលមានក្លិបតំណាងកម្ពុជា២ ជួបគ្នាក្នុងពានរង្វាន់អន្ដរជាតិ ហើយក្រុមទាំងពីរ សុទ្ធតែបានស្គាល់គ្នាច្បាស់ តាមរយៈការជួបគ្នាកន្លងមក។ ប៉ុន្ដែអ្វីដែលខុសប្លែកគ្នា គឺការបន្ថែមកីឡាករបរទេសរៀងៗខ្លួន ដែលនឹងជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ តានតឹង និងទាក់ទាញផងដែរ។
ចំណែកលោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏បានលើកឡើងស្រដៀងគ្នាដែរថា អ្វីដែលខុសប្លែកពីការជួបគ្នាកន្លងមក ពាក់ព័ន្ធនឹងចំនួនកីឡាករបរទេសលើទីលាន បន្ទាប់ពីក្រុមទាំងពីរបាននាំចូលសមាជិកថ្មីមួយចំនួន។ យ៉ាងណាលោកគិតថា ក្រុមទាំងពីរនឹងរក្សានូវរបៀបលេង មិនសូវមានភាពខុសប្លែកគ្នាប៉ុន្មាននោះទេ តែលោករំពឹងថា ការប្រកួតនេះនឹងមានការលំបាក ហើយក្លាយជាជំនួបដ៏តានតឹងបំផុត។
គួរដឹងថា ក្រុមតំណាងកម្ពុជាទាំងពីរ បានឡើងមកជួបគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយនៅ AFC Challenge League 2025/26 ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ជាមួយចំណាត់ថ្នាក់ផ្ទុយគ្នា ក្នុងនោះក្រុមជើងឯករងឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ ក្នុងពូល D ខណៈភ្នំពេញក្រោន ឈរលេខ២ នៃពូល E ហើយក្រុមទាំងពីរនឹងត្រូវធ្វើការប្រកួត ២ជើង ដើម្បីស្វែងរកក្រុមឈ្នះ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជំនួបជើងទី១ ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះ តែដោយសារកីឡដ្ឋានពួកគេ មិនអាចបំពេញលក្ខខណ្ឌ AFC ក៏សម្រេចរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នាថ្ងៃទី០៥ ខែមីនាស្អែក ខណៈជើងទី២ នឹងត្រូវប្រកួតនៅទឹកដីព្រះខ័នរាជស្វាយរៀងវិញម្ដង នាពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមរយៈនេះ ទាំងគ្រូបង្វឹក និងកីឡាករក្រុមទាំងពីរ រំពឹងថា នឹងមានទស្សនិកជនច្រើនចូលរួមទស្សនាការប្រកួតដ៏ជក់ចិត្តនេះ ដើម្បីផ្ដល់កម្លាំងចិត្តផង និងរួមចំណែកលើកស្ទួយការអភិវឌ្ឍបាល់ទាត់ជាតិផង៕








