មេធំផ្នែក AI របស់ Alibaba ប្រកាសលាលែងពីតំណែង ចំពេលចំនួនអ្នកប្រើប្រាស់ហក់ឡើងកប់ពពក

04-03-2026 17:08

(បរទេស)៖ វិស័យបច្ចេកវិទ្យាចិនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក Lin Junyang ដែលជាប្រធានផ្នែកបញ្ញាសិប្បនិម្មិត (AI) «Qwen» របស់ក្រុមហ៊ុន Alibaba បានប្រកាសលាលែងពីតំណែងនៅថ្ងៃពុធ។ ការចាកចេញរបស់លោក Lin គឺជាការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ទីបីហើយនៅក្នុងឆ្នាំនេះ បន្ទាប់ពីលោក Yu Bowen និងលោក Hui Binyuan បានចាកចេញកាលពីពេលថ្មីៗ។ លោក Lin បានសរសេរសារលាយ៉ាងខ្លីនៅលើបណ្តាញសង្គម X ថា «លាសិនហើយ Qwen ជាទីស្រឡាញ់របស់ខ្ញុំ» ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ព័ត៌មាននៃការចាកចេញរបស់បុគ្គលិកសំខាន់ៗនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Alibaba ធ្លាក់ចុះ ៤ ភាគរយភ្លាមៗ ចំពេលដែលទីផ្សារហុងកុងទាំងមូលកំពុងមានភាពមិនប្រាកដប្រជាដោយសារស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់។ ការបាត់បង់ធនធានមនុស្សកម្រិតខ្ពស់នេះ កើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីផ្នែក Qwen ទើបតែបានបញ្ចេញផលិតផលថ្មីដែលធ្វើឱ្យអ្នកវិនិយោគមានការងឿងឆ្ងល់ជាខ្លាំងចំពោះអនាគតនៃការគ្រប់គ្រងក្នុងក្រុមហ៊ុន។

ទោះបីជាមានការប្រែប្រួលផ្ទៃក្នុងយ៉ាងណាក៏ដោយ ក៏ម៉ូដែល AI របស់ Alibaba កំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែបានហក់ឡើងពី ៣១ លាននាក់ក្នុងខែមករា ទៅដល់ ២០៣ លាននាក់ក្នុងខែកុម្ភៈ។ កំណើនដ៏មហិមានេះបានរុញឱ្យ Qwen ក្លាយជាកម្មវិធី AI ធំជាងគេលំដាប់ទី ៣ ក្នុងពិភពលោក បន្ទាប់ពី ChatGPT របស់អាមេរិក និង Doubao របស់ក្រុមហ៊ុន ByteDance។

គិតមកទល់ពេលនេះ ម៉ូដែល Qwen (Open-source) ជាង ៤០០ ត្រូវបានបញ្ចេញទៅកាន់ទីផ្សារ និងមានការទាញយកទៅប្រើប្រាស់ជាង ១ ពាន់លានដង។ ជោគជ័យដ៏សម្បើមនេះបង្ហាញថា Alibaba នៅតែជាគូប្រជែងដ៏ខ្លាំងក្លាក្នុងសង្គ្រាមបច្ចេកវិទ្យា AI សកល ទោះបីជាត្រូវប្រឈមនឹងបញ្ហាបាត់បង់អ្នកដឹកនាំឆ្នើមៗជាបន្តបន្ទាប់យ៉ាងណាក៏ដោយ៕