យល់ដឹងកីឡា៖ ក្រុមបាល់ទាត់ជម្រើសជាតិទាំង១០ ដែលមានវ័យចំណាស់ជាងគេ

05-03-2026 09:56

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩០៤ មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជំនាន់ទី១ ចាប់ផ្តើមលេងក្នុងឆ្នាំ១៩៣០ ក៏ប៉ុន្តែមានក្រុមជម្រើសជាតិមួយចំនួន ត្រូវបានបង្កើតឡើងមុនហ្នឹងទៅទៀត។

ខាងក្រោមនេះ ជាក្រុមបាល់ទាត់ជម្រើសជាតិទាំង១០ មានអាយុកាលច្រើនជាងគេ ដែលភាគច្រើនស្ថិតនៅតំបន់អឺរ៉ុប (UEFA) ក៏ប៉ុន្តែហាក់មិនសូវជោគជ័យនៅ World Cup ខាងលើទៅវិញ តាមមរយៈការដកស្រង់ចេញផ្សាយដោយ be soccer។

១៖ អង់គ្លេស
អង់គ្លេស ជាក្រុមបាល់ទាត់ជម្រើសជាតិដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក មានអាយុកាលលើសពី ១៥០ឆ្នាំកន្លងមកហើយ ពោលគឺក្រោយពេលបង្កើតឡើងក្នុងឆ្នាំ១៨៦៣។ អង់គ្លេស ទើបតែឈ្នះជើងឯក World Cup បានតែម្តងគត់កាលឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួនទៀត។

២៖ ស្កុតឡេន
ស្កុតឡេន ជាក្រុមមានវ័យចំណាស់ទី២ លើលោកដល់បច្ចុប្បន្ននេះ នៅពេលត្រូវបានបង្កើតឡើងដំបូងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ១៨៧៣។

៣៖ វ៉េល
វ៉េល ជាក្រុមដែលមានវ័យចំណាស់ទី៣ លើលោកដល់បច្ចុប្បន្ន។ ក្រុមដែលមានរហស្សនាម «នាគក្រហម» មួយនេះ ត្រូវបានបង្កើតឡើងនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៨៧៦។

៤៖ អៀរឡង់ខាងជើង
ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ខាងជើង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨០។

៥៖ ដាណឺម៉ាក
ដាណឺម៉ាក ជាក្រុមដែលមានវ័យចំណាស់ជាងគេទី៥ លើលោក ដែលត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ១៨៨៩ ដោយសហព័ន្ធមានឈ្មោះថា The Danish Football Union (DFU)។

៦៖ ហូឡង់
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ត្រូវបានបង្តើតឡើងក្នុងឆ្នាំជាមួយគ្នានឹងដាណឺម៉ាកដែរ នៃឆ្នាំ១៨៨៩។ ក្រុមខ្លាំងនេះ ពុំដែលឈ្នះពាន World Cup នោះទេ បានត្រឹមរងជើងឯកកាលឆ្នាំ២០១០ នៅអាហ្រ្វិកដែលបានចាញ់អេស្ប៉ាញ ១-០ វគ្គផ្តាច់ព្រ័ត្រ។

៧៖ ណូវែលហ្សេឡង់
ណូវែលហ្សេឡង់ ជាក្រុមស្ថិតនៅតំបន់អូសេអានី (OFC) ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ ១៨៩១។

៨៖ សិង្ហបុរី
ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី ស្ថិតនៅតំបន់អាស៊ាន ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៩២ ក្រោយណូវែលហ្សេឡង់តែ ១ឆ្នាំប៉ុណ្ណោះ។

៩៖ អាហ្សង់ទីន
ក្រុមជម្រើសជាតិពពកស អាហ្សង់ទីនត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៩៣ នៅពេលសហព័ន្ធ The Argentinian Football Association (AFA) ត្រូវបានបង្កើតឡើងផងដែរ។ ពួកគេបានឈ្នះជើងឯកពិភពលោក World Cup ៣លើករួចមកហើយ និងចុងក្រោយកាលឆ្នាំ២០២២ នៅកាតា។

១០៖ ស្វីស
ស្វីស ក៏ជាក្រុមជម្រើសជាតិមួយដែលមានវ័យចំណាស់ជាងគេផងដែរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៥ ទាំងដែលពួកគេពុំទាន់ដណ្តើមបានជើងឯក World Cup ម្តងណានៅឡើយទេ៕