កុំភ្លេច! ជំនួបប្រវត្តិសាស្ដ្រ ភ្នំពេញក្រោន ប៉ះព្រះខ័នរាជស្វាយរៀង យប់នេះ ក្នុងពាន Challenge League 2025/26

05-03-2026 09:57

(ភ្នំពេញ)៖ ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៧យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក។

នេះគឺជាជំនួបប្រវត្តិសាស្ដ្រ ក្នុងពានរង្វាន់អាស៊ីលើកដំបូងរវាងក្លិបកម្ពុជាទាំងពីរ។

មុនការប្រកួតមកដល់គ្រូបង្វឹកក្រុមទាំងពីរ រួមមានលោក Oleg Starynskyi របស់ភ្នំពេញក្រោន និងលោក McConkey Matthew របស់ស្វាយរៀងបានលើកឡើងស្រដៀងគ្នា ពីជំនួបក្រុមខ្លាំងប៉ះខ្លាំងនេះ នឹងក្លាយជាជំនួបដ៏តានតឹង ហើយមានការប្រកួតប្រជែងកាន់តែខ្ពស់ បន្ទាប់ពីមានការនាំចូលកីឡាករបរទេសថ្មីមួយចំនួន បើធៀបនឹងកាលពីជួបក្នុងលីគ។

ពាក់ព័ន្ធនឹងកីឡាករបរទេស ភ្នំពេញក្រោនមានប្រៀបជាងព្រះខ័នរាជស្វាយរៀង ដោយក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន មានកីឡាករបរទេស ១១រូប ខណៈក្រុមជើងឯកលីគកំពូលកម្ពុជា មានកីឡាករបរទេសត្រឹម ៨រូបប៉ុណ្ណោះ សម្រាប់ប្រជែងក្នុងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ។ ប៉ុន្ដែរឿងកីឡាករបរទេសនេះ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង កីឡាករ Peprah Kwame ថា គ្មានអ្វីត្រូវបារម្ភឡើយ ព្រោះសុទ្ធតែកីឡាករដូចគ្នា។

ជាមួយការត្រៀមខ្លួនដ៏ល្អរវាងក្រុមខ្លាំងទាំងពីររបស់កម្ពុជានាពេលនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ដែលគេរំពឹងនឹងអាចទាក់ទាញទស្សនិកជនខ្ទង់ម៉ឺននាក់ចូលរួមទស្សនាការប្រកួត ពិសេសជំនួបជើងទី១ នៅស្ដាតអូឡាំពិកនារាត្រីថ្ងៃព្រហស្បតិ៍នេះ ដ្បិតមុនការប្រកួត ២ថ្ងៃ ភ្នំពេញក្រោ បានប្រកាសសំបុត្រចំនួន ១ម៉ឺនសន្លឹកត្រូវបានលក់អស់ តែចំនួនអាចកើនឡើងបន្ថែមទៀតសម្រាប់ការប្រកួតផ្លូវការថ្ងៃនេះ។

សូមរំឮកថា ការដឹកដៃគ្នាឡើងមកវគ្គដ៏សំខាន់នៅ AFC Challenge League រដូវកាលនេះរវាងក្រុមខ្លាំងកម្ពុជាទាំងពីរ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ជាមួយចំណាត់ថ្នាក់ផ្ទុយគ្នា ក្នុងនោះក្រុមជើងឯករងឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ ក្នុងពូល D ខណៈភ្នំពេញក្រោន ឈរលេខ២ នៃពូល E ហើយក្រុមទាំងពីរ នឹងត្រូវធ្វើការប្រកួត ២ជើង ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ជំនួបជើងទី១ ភ្នំពេញក្រោន ត្រូវធ្វើម្ចាស់ផ្ទះ តែដោយកីឡដ្ឋានពួកគេ មិនអាចបំពេញលក្ខខណ្ឌ AFC ក៏សម្រេចរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នៅរាត្រីថ្ងៃទី០៥ ខែមីនានេះ ខណៈជើងទី២ នឹងត្រូវប្រកួតនៅទឹកដីព្រះខ័នរាជស្វាយរៀងវិញម្ដង នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាំមើលតើភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង នឹងត្រូវឡើងទៅវគ្គបន្ដ?