ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង-ព្រះសីហនុឆ្នាំនេះ កាន់តែស័ក្ដិសម សម្រាប់អ្នករត់អាជីព និងសុខភាព
05-03-2026 11:53
(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ ដែលរៀបចំដោយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយរដ្ឋបាលខេត្ត នឹងព្រឹត្តទៅនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ជាមួយការពង្រីកតម្រាយផ្លូវរត់តាមឆ្នេរវែងជាងឆ្នាំមុនៗ ដែលកាន់តែស័ក្ដិសមសម្រាប់អ្នករត់កម្រិតអាជីព ក៏ដូចជាអ្នករត់សុខភាព ដើម្បីទទួលបាននូវបទពិសោធន៍ និងការប្រកួតប្រជែងថ្មីៗបន្ថែមទៀត។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ខាងលើកាលពីថ្ងៃពុធថា ព្រឹត្តិការណ៍រត់ប្រណាំងផ្លូវការតាមបណ្ដោយឆ្នេរនៅកម្ពុជាឆ្នាំនេះ នឹងមានការកែសម្រួលផ្លូវរត់មួយចំនួន ដោយពង្រីកតម្រាយផ្លូវរត់តាមឆ្នេរកាន់តែវែង ដើម្បីឲ្យអត្តពលិកចូលរួម ទទួលបាននូវខ្យល់អាកាសបរិសុទ្ធ ហើយរីករាយជាមួយទេសភាពឆ្នេរ និងសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាបញ្ចៀសផលប៉ះពាល់ចរាចរណ៍ក្នុងក្រុងផងដែរ។
ការកែសម្រួលតម្រាយផ្លូវរត់ថ្មី ដើម្បីតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់ឆ្នេរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ ដែលត្រូវរត់ឡើងចុះភ្នំនេះដែរ មន្ដ្រីជំនាញខាងលើបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ស័ក្ដិសមសម្រាប់អ្នកដើម្បីសុខភាព ក្នុងការទទួលបាននូវបទពិសោធន៍ប្រកួតប្រជែងថ្មី ពិសេសសម្រាប់អ្នករត់អាជីព ដើម្បីដុសខាត់សមត្ថភាពកាន់តែល្អប្រសើរ។ ជាមួយគ្នា គណៈកម្មការរៀបចំក៏បានផ្ដល់នូវលក្ខខណ្ឌពិសេស ដល់កីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិ ក្នុងការចុះឈ្មោះចូលរួមដោយឥតគិថ្លៃទៀតផង។
អគ្គលេខាធិការ NOCC ដដែលបន្ថែមថា គោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងតាមឆ្នេរនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺរត់ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាការភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ តាមរយៈការកៀគរថវិកាបានពីការរៀបចំ បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួន និងជាការបំផុសចលនាប្រជាពលរដ្ឋរស់នៅបែបសកម្ម ជាមួយទម្លាប់លេងកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈជាដើម។
លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះប្រមាណ ២ពាន់នាក់ហើយ ដែលមកពីជិត ៤០ប្រទេស។ ប៉ុន្ដែការចុះឈ្មោះនៅតែបន្ដរហូតដល់ថ្ងៃកម្មវិធី។ តាមរយៈនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំសម្ភារៈ ហើយក៏ដើម្បីរួមគ្នាផ្សព្វផ្សាយពីសក្ដានុពលតំបន់ឆ្នេរនៅកម្ពុជា ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍ដែលជាសមាជិកព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងពិភពលោកនេះដែរ។
សម្រាប់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នាចុងខែនេះ មាន ៤វិញ្ញាសាដដែល រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ និងបញ្ចប់វិញ នៅតំបន់ឆ្នេរអូរឈើទាល៕








