Amazon បន្តកាត់បន្ថយបុគ្គលិកផ្នែកមនុស្សយន្ត៖ តើការប្រើប្រាស់ AI កំពុងជំនួសកម្លាំងមនុស្សមែនឬ?
05-03-2026 11:55
(បរទេស)៖ ក្រុមហ៊ុនយក្ស Amazon បានបញ្ជាក់ជាផ្លូវការអំពីការបញ្ឈប់បុគ្គលិកផ្នែកការិយាល័យយ៉ាងហោចណាស់ ១០០ នាក់បន្ថែមទៀតនៅក្នុងផ្នែកមនុស្សយន្ត (Robotics) ដែលជាផ្នែករចនាបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មសម្រាប់ប្រើប្រាស់ក្នុងឃ្លាំងទំនិញ។ ការកាត់បន្ថយនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនទើបតែបានបញ្ឈប់បុគ្គលិកប្រមាណ ១៦,០០០ នាក់កាលពីខែមករា កន្លងទៅ ដែលសបញ្ជាក់ថា រលកនៃការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុននេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
ជុំវិញការសម្រេចចិត្តនេះ តំណាងក្រុមហ៊ុន Amazon បានពន្យល់តាមរយៈសេចក្តីថ្លែងការណ៍ថា៖ «យើងតែងតែត្រួតពិនិត្យរចនាសម្ព័ន្ធស្ថាប័នរបស់យើងជាទៀងទាត់ ដើម្បីធានាថាគ្រប់ក្រុមការងារទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អបំផុតសម្រាប់កិច្ចការច្នៃប្រឌិត និងបម្រើអតិថិជនរបស់យើង»។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតពីចំនួនតួលេខពិតប្រាកដនៃអ្នកដែលត្រូវបាត់បង់ការងារក្នុងជុំនេះឡើយ។
គិតចាប់តាំងពីខែតុលាមក Amazon បានកាត់បន្ថយបុគ្គលិកផ្នែកការិយាល័យសរុបប្រមាណ ៣០,០០០ នាក់ ឬស្មើនឹងជិត ១០ ភាគរយនៃបុគ្គលិកផ្នែកនេះ។ មូលហេតុចម្បងដែលនាំឱ្យមានការកែសម្រួលទ្រង់ទ្រាយធំបែបនេះ គឺដោយសារក្រុមហ៊ុនចង់បង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងការកែសម្រួលវប្បធម៌ការងារឱ្យកាន់តែមានភាពរហ័សរហួនជាងមុន។
ស្របពេលជាមួយគ្នានេះ គម្រោងបច្ចេកវិទ្យាទំនើបៗមួយចំនួនក៏ត្រូវបានផ្អាកផងដែរ ដូចជាដៃមនុស្សយន្ត «Blue Jay» ជាដើម។ ក្រៅពីផ្នែកមនុស្សយន្ត ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ Amazon ក៏បានកាត់បន្ថយបុគ្គលិកក្នុងផ្នែកផ្សេងៗទៀតជាបន្តបន្ទាប់ រួមមានផ្នែកឧបករណ៍អេឡិចត្រូនិច សៀវភៅ និងផ្នែកទំនាក់ទំនងសាធារណៈ ដើម្បីតម្រង់ទិសដៅអាជីវកម្មឱ្យស្របទៅនឹងសេដ្ឋកិច្ចបច្ចុប្បន្ន៕











