Arsenal បង្កើនគំលាតនាំមុខដាច់ ៧ពិន្ទុ គ្រាដែល Man Utd ស្គាល់រសជាតិចាញ់លើកដំបូង

05-03-2026 13:10

(បរទេស)៖ តាមរយៈជ័យជម្នះ ១ទល់នឹង០ នៅក្នុងផ្ទះរបស់ Brighton នារាត្រីថ្ងៃពុធ បានញាំងឱ្យ Arsenal បង្កើន គំលាតនាំមុខកំពូលតារាង Premier League 2025-26 ដាច់ដល់ទៅ ៧ពិន្ទុគិតសប្តាហ៍ទី៣០ ខណៈ Manchester United បានរងបរាជ័យលើកដំបូង ស្ថិតក្រោមការដឹកនាំរបស់លោក Michael Carrick។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធស្តាំ Bukayo Saka ជាអ្នករកបានគ្រាប់ជ័យជម្នះ ១-០ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៣ម៉ឺននាក់ ពីការបញ្ជូនរបស់ Timber ត្រឹមចាប់ផ្តើមលេងបានតែ ៩នាទីប៉ុណ្ណោះ។

ក្រុមរបស់លោក Mikel Arteta បានបង្កើនគំលាតនាំមុខដាច់ ៧ពិន្ទុនេះដែរ ក៏ព្រោះតែ Nottingham Forest បានបញ្ចប់ក្នុងលទ្ធផល ២-២ នៅក្នុងផ្ទះរបស់មេឃខៀវ Manchester City ដ្បិតក្រុមរបស់លោក Pep Guardiola នៅសល់ ១ប្រកួតក្នុងដៃទៀតក៏ដោយ។

ចំណែកឯក្រុមសារិកាព្រៃ Newcastle United ដែលនៅសល់សមាជិកតែ ១០នាក់ចាប់តាំងពីចុងវគ្គទី១ មកនោះ ប៉ុន្តែនៅតែអាចយកឈ្នះក្រុមភ្ញៀវ Man Utd ដោយលទ្ធផល ២-១ បានដដែល និងផ្តល់មេរៀនចាញ់លើកដំបូងសម្រាប់លោក Michael Carrick ក្នុងចំណោម ៨ប្រកួត នាមជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។

តាមរយៈ ៣ពិន្ទុនៅកីឡដ្ឋាន St James’ Park នេះដែរ បានញាំងឱ្យក្រុមរបស់លោក Eddie Howe ដែលបានឆ្លងចូលវគ្គ ១៦ក្រុម UCL រដូវកាលនេះឡើងទៅឈរលេខ១២ ក្នុងលីគអង់គ្លេសបណ្តោះអាសន្នវិញ ស្របពេលបិសាចក្រហមបន្តស្ថិតនៅលេខ៣ ដដែល និងតាមពីក្រោយក្រុមលេខ២ Man City ៩ពិន្ទុ៕