ឧស្សាហកម្មបន្ទះឈីបកូរ៉េខាងត្បូង បារម្ភថា វិបត្តិអ៊ីរ៉ង់នឹងបង្កការរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើម និងធ្វើឱ្យតម្លៃបន្ទះឈីបហក់ឡើងខ្ពស់
05-03-2026 14:03
(បរទេស)៖ សហគ្រាសផលិតបន្ទះឈីបធំៗរបស់កូរ៉េខាងត្បូង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍តានតឹងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចរំខានដល់ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់មជ្ឈិមបូព៌ា។ វិនិយោគិន និងក្រុមហ៊ុនផលិតបន្ទះឈីប (ដូចជា Samsung Electronics និង SK Hynix) បារម្ភថា ប្រសិនបើជម្លោះអូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ការងារនិងគម្រោងជាច្រើន ត្បិតថាតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជា «សមរភូមិបច្ចេកវិទ្យា» ថ្មី ដែលប្រទេសអ្នកមានប្រេង ព្យាយាមបង្វែរសេដ្ឋកិច្ចមកលើវិស័យ AI ប៉ុន្តែសង្រ្គាមកំពុងក្លាយជាឧបសគ្គរាំងស្ទះដល់មហិច្ឆតានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
អ្វីដែលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងព្រួយបារម្ភនោះ គឺគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម (UAE) ដែលកំពុងត្រូវការបន្ទះឈីប AI និងអង្គចងចាំ (Memory chips) ក្នុងបរិមាណដ៏ច្រើន។ កាលពីដើមសប្តាហ៍នេះ មានរបាយការណ៍ថា មជ្ឈមណ្ឌលទិន្នន័យរបស់ AWS នៅ UAE ត្រូវបានវាយប្រហារដោយដ្រូន ឬមីស៊ីល ដែលបណ្តាលឱ្យមានការរំខានដល់សេវា Cloud និង AI កម្រិតសកល។ វិបត្តិនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងកើនឡើង ដែលនាំឱ្យថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូនបន្ទះឈីបកើនឡើងតាមនោះដែរ។ មានការព្រួយបារម្ភថា វិបត្តិនេះអាចរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗមួយចំនួនដែលនាំចូលពីតំបន់នោះ។
សន្ទស្សន៍ភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃពុធសប្តាហ៍នេះ ដោយសារអ្នកវិនិយោគបារម្ភពីស្ថិរភាពសេដ្ឋកិច្ច។ ងាកមកប្រាក់វ៉ុន (Won) បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៧ឆ្នាំ (១,៥០០ វ៉ុន ក្នុង ១ដុល្លារ) ដោយសារឥទ្ធិពលនៃសង្គ្រាម។
ទោះបីជាបច្ចុប្បន្ន ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងនៅតែមានសន្ទុះខ្លាំង (កើនឡើង ១៦១% កាលពីខែកុម្ភៈ) ក៏ដោយ ប៉ុន្តែមន្ត្រីក្នុងវិស័យនេះបានលើកឡើងថា «ផលប៉ះពាល់ភ្លាមៗប្រហែលជាមានកម្រិត ប៉ុន្តែប្រសិនបើសង្រ្គាមអូសបន្លាយ វានឹងក្លាយជាឧបសគ្គធំសម្រាប់តម្រូវការបន្ទះឈីប AI ទូទាំងពិភពលោក»៕







