យល់ដឹងកីឡា៖ លោក Pele នៅតែជាតារាបាល់ទាត់ម្នាក់ ១គត់ ដែលឈ្នះពាន World Cup បាន ៣លើក

06-03-2026 08:21

(បរទេស)៖ លោក Pele ដែលបានអនិច្ចកម្មពីភពផែននេះទៅហើយនោះ នៅតែជាកីឡាករនិម្មិតរូបរបស់ប្រេស៊ីលជានិច្ច ដោយបានរួមចំណែកឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ដល់ទៅ ៣លើក ក្នុងចំណោម ៥លើកសរុបរបស់ក្រុមសាំបាមួយនេះ។

ពីគេហទំព័រសហព័ន្ធ FIFA បានឱ្យដឹងថា កំណត់ត្រាពិភពលោកមួយនេះ ពុំងាយមានកីឡាកររូបណាងាយនឹងបំបែកបានឡើយ និងអាចបន្តដល់ឆ្នាំ២០២៣០ ក៏ថាបាន។

លោក Pele ក៏ត្រូវបានគេប្រសិទ្ធនាមថា «King of Football» និងបានរួមចំណែកជួយប្រេស៊ីលការពារជើងឯក World Cup បានសម្រេចទៀតផង ពោលគឺ World Cup 1958 និងឆ្នាំ1962។

Pele បានឈ្នះពាន World Cup ក្នុងឆ្នាំ១៩៥៨ ស្ថិតក្នុងវ័យ ១៧ឆ្នាំ នៅពេលព្រឹត្តិការណ៍នេះបានរៀបចំនៅប្រទេសស៊ុយអែត ដោយត្រូវបានគ្រូបង្វឹកលោក Vicente Feola កោះហៅចូលជម្រើសជាតិសាំបា ពេលកំពុងលេងឱ្យក្លិបក្នុងស្រុក Santos។

រូបលោកបានចូលលេង ក្នុងនាមកីឡាករបម្រុង និងលេងបាន ៤ប្រកួតឈ្នះទាំងអស់ និងស៊ុតបាន ៦គ្រាប់ ដោយក្នុងនោះដែរ ធ្វើបានហែតទ្រីកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពេលប្រឈមមុខនឹងមាន់គកបារាំង។

៤ឆ្នាំបន្ទាប់លោក Pele បានបន្តរួមចំណែកជួយប្រេស៊ីលការពារជើងឯក World Cup បានសម្រេចទៀតពេលរៀបចំនៅឈីលីនាឆ្នាំ១៩៦២។ ប្រេស៊ីលបានផ្តួលគូប្រជែងឆេកូស្លូវ៉ាគី ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន World Cup ជាលើកទី២ របស់ខ្លួន។

លុះចូលមកដល់ World Cup 1970 ដែលរៀបចំនៅប្រទេសមិចស៊ិក លោក Pele ក៏បានរួមចំណែកជួយប្រេស៊ីល ដណ្តើមបានជើងឯកជាលើកទី៣ របស់ខ្លួន ក្រោយពេលខកចិត្ត តាមរយៈហាលអាវក្នុងពូលកាលពី World Cup 1966 ដែលបានទៅលើម្ចាស់ផ្ទះ តោកំណាចអង់គ្លេសនោះ។

ការប្រកួតនៅមិចស៊ិកនោះដែរ អតីតខ្សែប្រយុទ្ធ Pele រកបាន ៤គ្រាប់ រួមទាំងគ្រាប់បាល់បើកឆាករបស់ប្រេស៊ីល ដែលបានបំបាក់អ៉ីតាលី ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ និងបញ្ជូនឱ្យមិត្តរួមក្រុម Carlos Alberto ១គ្រាប់ល្អឥតខ្ចោះទៀតផង៕