OpenAI កើបចំណូលកប់ពពក ២៥ពាន់លានដុល្លារ ខណៈត្រៀមខ្លួនឈានទៅរកតម្លៃក្រុមហ៊ុន ១ទ្រីលានដុល្លារ
06-03-2026 08:24
(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT កំពុងបង្ហាញនូវកំណើនហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើល ដោយរបាយការណ៍ពី The Information បានឱ្យដឹងថា ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះបានហក់ឡើងដល់លើសពី ២៥ ពាន់លានដុល្លារហើយ គិតត្រឹមដំណាច់ខែកុម្ភៈ។ តួលេខនេះគឺជាការកើនឡើង ១៧ ភាគរយ ក្នុងរយៈពេលដ៏ខ្លីបំផុត បើធៀបនឹងចំណូល ២១,៤ ពាន់លានដុល្លារ កាលពីដំណាច់ឆ្នាំមុន ដែលសបញ្ជាក់ថា តម្រូវការបច្ចេកវិទ្យា AI មិនទាន់មានសញ្ញាថមថយនោះទេ។ តាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
ដើម្បីពង្រឹងការរកចំណូលឱ្យកាន់តែខ្លាំង OpenAI បានប្តូរយុទ្ធសាស្ត្រដោយងាកមកវាយលុកទីផ្សារសាជីវកម្មខ្នាតធំ តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនពិគ្រោះយោបល់យក្សចំនួនបួននៅលើពិភពលោក។ យុទ្ធសាស្ត្រនេះគឺដើម្បីជួយអតិថិជនកម្រិតសាជីវកម្ម ឱ្យអាចប្តូរពីការគ្រាន់តែ «សាកល្បងប្រើ» ទៅជាការដាក់បញ្ចេញបច្ចេកវិទ្យា AI ប្រើប្រាស់ក្នុងអាជីវកម្មពេញលេញតែម្តង។ ទោះជាយ៉ាងណា OpenAI ក៏កំពុងរងសម្ពាធពីគូប្រជែងដូចជា Anthropic ដែលមានចំណូលប្រហែល ៩ ពាន់លានដុល្លារ និងក្រុមហ៊ុនយក្ស Google ផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ OpenAI កំពុងរៀបចំផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នាពេលខាងមុខ ដែលត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យតម្លៃក្រុមហ៊ុនហក់ឡើងដល់ទៅ ១ ទ្រីលានដុល្លារ។ ដើម្បីសម្រេចបាននូវគោលដៅមហិច្ឆតានេះ ក្រុមហ៊ុនមានគម្រោងចំណាយប្រាក់ប្រហែល ៦០០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០៣០ ទៅលើការអភិវឌ្ឍប្រព័ន្ធគណនា (Compute) ដើម្បីរក្សាភាពនាំមុខគេក្នុងសមរភូមិបញ្ញាសិប្បនិម្មិត៕









