លោក Regragui ដែលដឹកនាំម៉ារ៉ុក ឈានដល់វគ្គ ៤ក្រុម World Cup 2022 បានចាកចេញពីតួនាទីហើយ
06-03-2026 09:38
(បរទេស)៖ ម៉ារ៉ុក បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក លោក Walid Regragui ដែលបានដឹកនាំក្រុមនៅអាហ្រ្វិក មួយនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ជាប្រវត្តិសាស្រ្តកាលឆ្នាំ២០២២ នៅប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់សហព័ន្ធម៉ារ៉ុកបានគូសបញ្ជាក់ថា «នេះពុំមែនជាការផ្លាស់ប្តូរធម្មតានោះទេ។ គោលដៅសំខាន់ គឺដើម្បីអភិវឌ្ឍន៍បាល់ទាត់ម៉ារ៉ុកឆ្ពោះទៅមុខទៀត តាមរយៈផ្តើមចេញពីរចនាសម្ព័ន្ធ»។
នៅចាំបានថា បុរសវ័យ ៥០ឆ្នាំខាងលើនេះ បានដឹកនាំក្លិបអាជីព Wydad Casablanca ឈានដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីជើងឯកប្រចាំតំបន់អាហ្រ្វិក African Champions League ក្នុងឆ្នាំ២០២២ មុនចូលកាន់តំណែងធំក្នុងជម្រើសជាតិម៉ារ៉ុក និងបានឆ្លងចូលវគ្គ ៤ក្រុមចុងក្រោយដ៏អស្ចារ្យនៅ World Cup 2022 ដ្បិតចាញ់បារាំងក៏ដោយ។
បន្ថែមលើនេះ រូបលោកក៏បានដឹកនាំម៉ារ៉ុកឡើងដល់វគ្គផ្តាច់ព្រ័ត្រពានជើងឯកអាហ្រ្វិក Africa Cup of Nations 2025 ក្នុងនាមម្ចាស់ផ្ទះ ដែលបានចាញ់សេណេហ្គាល់ ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង នៅពេលខ្សែប្រយុទ្ធ Brahim Diaz បរាជ័យទាត់បាល់ប៉េណាល់ទីចុងម៉ោង។
លោក Mohamed Ouahbi វ័យ ៤៩ឆ្នាំ បានលាឈប់ដឹកនាំក្រុម U-23 ដើម្បីមកទទួលការងារជំនួសលោក Regragui សល់ពេលត្រឹមតែជិត ១០០ថ្ងៃទៀតប៉ុណ្ណោះលេង World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា៕



