Broadcom រំពឹងកើបចំណូល ១០០ពាន់លានដុល្លារពី AI តាមរយៈការផលិតឈីបតាមការកម្ម៉ង់

06-03-2026 10:29

(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីបយក្ស Broadcom កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញមហិច្ឆតារកចំណូលឱ្យបានលើសពី ១០០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៧ ពីការលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។ ខណៈដែល Nvidia កំពុងក្តោបក្តាប់ទីផ្សាររួម Broadcom បានជ្រើសរើសផ្លូវដើរខុសពីគេ ដោយផ្តោតលើការផលិតបន្ទះឈីប «ផលិតតាមការកម្ម៉ង់» (Custom Chips) ពោលគឺការរចនាឈីបឱ្យត្រូវចិត្ត និងត្រូវគោលដៅបំផុតសម្រាប់ក្រុមហ៊ុនយក្សដូចជា Google, OpenAI និង Meta ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

ភាពជឿជាក់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងភ្លាមៗជិត ៥ ភាគរយ បន្ទាប់ពីលោក Hock Tan នាយកប្រតិបត្តិ (CEO) របស់ Broadcom បានថ្លែងដោយមោទនភាពថា៖ «ចក្ខុវិស័យរបស់យើងក្នុងឆ្នាំ ២០២៧ មានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃនេះ យើងមានគម្រោងច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវចំណូលពី AI លើសពី ១០០ ពាន់លានដុល្លារ»។ មិនត្រឹមតែប្រកាសពីចំណូល ក្រុមហ៊ុនក៏ត្រៀមបញ្ចេញកញ្ចប់ថវិកា ១០ ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ ដែលជាសញ្ញានៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។

មូលហេតុដែលធ្វើឱ្យ Broadcom ហ៊ានដាក់គោលដៅខ្ពស់បែបនេះ គឺដោយសារក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំ (Big Tech) កំពុងសម្រុកចំណាយប្រាក់ប្រហែល ៦៣០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI។ លោក Gil Luria អ្នកវិភាគមកពី D.A. Davidson បានលើកឡើងថា ការដែលក្រុមហ៊ុនអាចមើលឃើញចំណូលទុកជាមុនបានឆ្ងាយដល់ឆ្នាំ ២០២៧ បែបនេះ គឺជាសញ្ញាបញ្ជាក់ថា «តម្រូវការឈីប AI គឺខ្ពស់ខ្លាំងលើសពីការរំពឹងទុក»។ បច្ចុប្បន្ន Broadcom កំពុងមមាញឹកក្នុងការផ្គត់ផ្គង់ឱ្យ Meta និងត្រៀមផលិតឈីបដំបូងបង្អស់ឱ្យ OpenAI នៅឆ្នាំ ២០២៧ ខាងមុខផងដែរ។

គួរជម្រាបថា គ្រាន់តែក្នុងត្រីមាសទី១ ឆ្នាំនេះ ចំណូលពីផ្នែក AI របស់ Broadcom បានហក់ឡើងជាងទ្វេដងរហូតដល់ ៨,៤ ពាន់លានដុល្លារទៅហើយ។ បើទោះបីជា Nvidia នៅតែជា «ស្តេច» ក្នុងទីផ្សារឈីបសម្រាប់បង្ហាត់ AI ក៏ដោយ ប៉ុន្តែ Broadcom កំពុងក្លាយជាជម្រើស «លេខ១» សម្រាប់ក្រុមហ៊ុនណាដែលចង់បានបន្ទះឈីបដែលច្នៃឡើងជាពិសេស ដើម្បីបង្កើនល្បឿនការងារឱ្យចំគោលដៅបំផុត៕