លោក ត្រាំ ចាត់ទុក Messi ជាកីឡាករល្អលើលោក ប៉ុន្តែក៏មិនភ្លេចរំលេចឈ្មោះលោក Pele ដែរ
06-03-2026 10:37
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក លោក Donald Trump បានទទួលស្គាល់ថា Lionel Messi គឺពិតជាកីឡាករល្អបំផុតគ្រប់ពេល នៅអំឡុងទទួលជួបប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រួមទាំងមិត្តរួមក្រុមក្លិប Inter Miami នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់)។
លោក ត្រាំ បានថ្លែងក្នុងសន្ទរកថាដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «Leo ទទួលបានពានលើកទី៤៧ ដើម្បីជាការអបអរ ចំពោះអាជីពដ៏ភ្ញាក់ផ្អើលរបស់គេ។ លោកពិតជាកីឡាករល្អគ្រប់ពេល។ តើអ្នកដឹងទេ អ្នកអាចទៅគ្រប់ទីកន្លែងនៅលើផែនដីនេះ និងគ្រប់ក្រុមទាំងអស់ដែលលោកចង់លេង ក៏ប៉ុន្តែអ្នកបានសម្រេចចិត្តលេងឱ្យ Miami ដែលជាក្រុមរបស់អាមេរិក»។
លោកក៏បានគូសបញ្ជាក់បន្ថែមថា «ពេលនេះ ខ្ញុំពិតជាចាស់ណាស់ហើយ ប៉ុន្តែកាលនៅក្មេង ខ្ញុំធ្លាប់មើលលោក Pele លេង។ Pele ពិតជាល្អ ហើយខ្ញុំក៏មិនច្បាស់ដែរថា Messi អាចល្អជាង Pele»។
Messi វ័យ ៣៨ឆ្នាំ កីឡាករនិម្មិតរូបអាហ្សង់ទីន ដែលបានប្តេជ្ញាបន្តអនាគតលេងនៅក្លិប Miami កាលពីខែតុលា ឆ្នាំ ២០២៥ ពោលជាមួយកិច្ចសន្យាថ្មីដល់ឆ្នាំ២០២៨។ អតីតខ្សែប្រយុទ្ធក្លិប FC Barcelona និង Paris St-Germain រូបនេះ បានក្លាយជាកីឡាករដំបូងគេជាប្រវត្តិសាស្រ្តនៅក្របខណ្ឌ MLS ដែលទទួលបានពាន Most Valuable Player award។
ការទទួលបានការអញ្ជើញជួបលោក ដូណាល់ ត្រាំ នៅសេតវិមាននេះដែរ ដើម្បីជាការអបអរ នៅពេលក្លិបទើបបង្កើតឡើងថ្មី Inter Miami CF របស់លោក David Beckham ឈ្នះជើងឯកលីគជាលើកដំបូងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ៕







