ដំណឹងល្អ! អ្នកប្រើ OPPO នឹងអាចផ្ញើឯកសារទៅកាន់ iPhone បានយ៉ាងងាយតាមរយៈ AirDrop
06-03-2026 11:19
(បរទេស)៖ ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់មុខងារថ្មីដែលអនុញ្ញាតឱ្យទូរស័ព្ទត្រកូល OPPO Find X9 series អាចផ្ញើនិងទទួលឯកសារឆ្លងប្រព័ន្ធជាមួយ AirDrop របស់ Apple បានចាប់ពីចុងខែមីនានេះតទៅ។ មុខងារនេះកើតឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Quick Share របស់ Android ដែលត្រូវបានអភិវឌ្ឍឡើងក្រោមសមិទ្ធផលរួមគ្នារវាង OPPO, Google និង MediaTek ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យកាន់តែមានភាពបត់បែន។ នេះបើយោងតាមការចេញផ្សាយដោយ Business Standard នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន OPPO បានឱ្យដឹងថា មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ «ចែករំលែកឯកសារដោយឥតខ្សែរវាងទូរស័ព្ទ OPPO និងឧបករណ៍ Apple ដោយមិនចាំបាច់ដំឡើងកម្មវិធីបន្ថែម (Additional apps)» ឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពី Google បានជោគជ័យក្នុងការសាកល្បងមុខងារផ្ទេរឯកសារឆ្លងប្រព័ន្ធ (Cross-platform) នេះនៅលើទូរស័ព្ទត្រកូល Pixel 10 និង Pixel 9 កាលពីពេលកន្លងទៅ ដែលជាជំហានថ្មីមួយក្នុងការបំបែករបាំងរវាង Android និង iOS។
ក្រៅពីការធ្វើបច្ចុប្បន្នភាពផ្នែក software ក្រុមហ៊ុន OPPO ក៏ត្រៀមពង្រីកទីផ្សារសម្រាប់ត្រកូល Find X9 នេះផងដែរ ដោយម៉ូឌែល Find X9 Ultra នឹងត្រូវដាក់លក់ជាលក្ខណៈសកល ខណៈម៉ូឌែល Find X9s នឹងបង្ហាញខ្លួនក្នុងទីផ្សារប្រទេសឥណ្ឌា។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ប្រព័ន្ធចែករំលែកថ្មីនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីធានាបាននូវ «ការចែករំលែកឯកសារប្រកបដោយសុវត្ថិភាព ដោយមិនទាមទារកម្មវិធីពីភាគីទីបី (Third-party applications)» ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់ផ្ទេររូបភាព ឬវីដេអូទៅកាន់មិត្តភក្តិដែលប្រើ iPhone ឬ Mac។
គួរជម្រាបថា បច្ចុប្បន្ន ក្រៅពី OPPO ក៏មានម៉ាកទូរស័ព្ទល្បីៗផ្សេងទៀតដូចជា Nothing និង Samsung ដែលត្រូវបានគេរាយការណ៍ថា កំពុងត្រៀមដាក់បញ្ចូលមុខងារស្រដៀងគ្នានេះទៅក្នុងឧបករណ៍ជំនាន់ក្រោយរបស់ពួកគេផងដែរ។ ការផ្លាស់ប្តូរនេះសបញ្ជាក់ឱ្យឃើញថា ពិភពបច្ចេកវិទ្យាកំពុងឈានទៅរកភាពស៊ីសង្វាក់គ្នា ទោះបីជាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការខុសគ្នាក៏ដោយ៕











