រោងភាពយន្ត Sabay ដែលគ្រប់គ្រងដោយវិនិយោគិនកម្ពុជាទាំងស្រុង បើកដំណើរការជាផ្លូវការ ក្រោយទិញសិទ្ធិផ្ដាច់មុខ

06-03-2026 15:35

(ភ្នំពេញ)៖ រោងភាពយន្ត Sabay ដែលគ្រប់គ្រងដោយវិនិយោគិនកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការ ក្រោយពីបានសិទ្ធិផ្តាច់មុខពី Major Cineplex។

កាលពីពេលថ្មីៗនេះ រោងកុន Major Cineplex បានប្រកាសដកខ្លួន បញ្ឈប់ប្រតិបត្តិការនៅវិនិយោគកម្ពុជា ដែលជាផ្នែកមួយនៃការកែសម្រួលយុទ្ធសាស្រ្តវែងឆ្ងាយរបស់ក្រុមហ៊ុន។

ឆ្លើយតបទៅនឹងការដកខ្លួននេះ ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តទិញយកភាគហ៊ុនទាំងមូលពី Major Cineplex Group ដែលនាំឲ្យប្រតិបត្តិការអាជីវកម្មរោងភាពយន្ត និងប៊ូលីងត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជាទាំងស្រុង។ ការផ្លាស់ប្តូរនេះមិនមែនត្រឹមតែជាការសម្រេចចិត្តអាជីវកម្មជាលក្ខណៈយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការបោះជំហានដ៏មានអត្ថន័យដែលឈានឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងកំណត់អនាគតនៃវិស័យភាពយន្តនិងការកម្សាន្តដែលឋិតក្នុងដៃរបស់ប្រជាជនកម្ពុជាយ៉ាងរឹងមាំ។
ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O ដែលមានស្រាប់នឹងត្រូវបានប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបដែលពេញលេញដោយពង្រីកវិសាលភាពលើសពីខ្សែភាពយន្ត និងលើកកម្ពស់បែបផែននៃការរស់នៅ និងបទពិសោធន៍សង្គមសម្រាប់ទស្សនិកជនគ្រប់ជំនាន់។

ពិធីបើកសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ដែលស្ងិតនៅជាន់ទីពីរនៃផ្សារទំនើបAEON Mall ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មានឈានមុខក្នុងស្រុក ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញវិស័យកម្សាន្ត និងភ្ញៀវកិត្តិយសនានា។ វត្តមានរបស់ពួកគេបានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងសម្រាប់សាធារណជន តម្លាភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Sabay ចំពោះឧស្សាហកម្មមួយនេះ។

ប្រតិបត្តិការនៅតាមបណ្តាទីតាំងរោងភាពយន្តទាំងប្រាំមួយនឹងនៅតែបន្តដោយគ្មានផលរំខាន។ ទស្សនិកជននឹងទទួលបានបទពិសោធន៍នៃអត្តសញ្ញាណម៉ាក់យីហោថ្មី ស្តង់ដាសេវាកម្មដែលល្អប្រសើរជាងមុន និងយុទ្ធសាស្រ្តឈានឆ្ពោះទៅមុខដែលសំដៅពង្រឹងវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា។ Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្តនិងប៊ូលីង សម្ភារៈ និងបច្ចេកវិទ្យា។

ក្រុមហ៊ុននឹងគ្រប់គ្រង និងវិនិយោគដោយឯករាជ្យទៅលើប្រព័ន្ធរបស់ខ្លួន រួមមានបច្ចេកវិទ្យា IMAX Laser និង ScreenX ដែលទើបដំឡើងថ្មី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចាំងដែលមានស្រាប់។ ប្រព័ន្ធលក់សំបុត្រភាពយន្តថ្មី ការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត និងការផ្លាស់ប្តូរម៉ាក់យីហោថ្មីដែលកាន់តែប្រសើរជាងមុននឹងត្រូវបានណែនាំផងដែរ។ លើសពីនេះទៅទៀត ទីតាំងនៅក្នុងសាលនៃរោងភាពយន្ត Sabay នឹងត្រូវបានអភិវឌ្ឍជាថ្មីអោយមានបរិយាកាសដែលងាយស្រួលសម្រាប់អតិថិជន រួមមានទីតាំងធ្វើការរួមគ្នា ហាងកាហ្វេ និងទីតាំងកម្សាន្តដែលរចនាឡើងដើម្បីគាំទ្រទៅដល់ផលិតករភាពយន្តវ័យក្មេងនានាតាមរយៈបណ្តាញទំនាក់ទំនង ការសហការគ្នា និងឪកាសទទួលបានការបណ្តុះបណ្តាលនានា។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស»

ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមានការពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា និងលើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព។

ខណៈជំពូកថ្មីនេះត្រូវបានចាប់ផ្តើម រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិកម្ពុជាហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស៕