ធនាគារ «វីង» គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

06-03-2026 17:01

(ភ្នំពេញ)៖ ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែន ដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។ ធនាគារ វីង បន្តរួមចំណែកក្នុងការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ ដែលនេះបានសរបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់ស្ថាប័នហិរញ្ញវត្ថុឯកជន ក្នុងការជំរុញការរីកចម្រើនក្នុងតំបន់។ តាមរយៈការបន្តគាំទ្រកិច្ចប្រជុំកំពូលនេះអស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា ធនាគារ វីង បានចូលរួមជាមួយថ្នាក់ដឹកនាំធុរកិច្ច និងអ្នករៀបចំគោលនយោបាយជាង ៦០០រូប ដើម្បីពិភាក្សាលើប្រធានបទប្រចំាឆ្នាំស្តីអំពី «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហិរញ្ញវត្ថុ ដែលជំរុញដោយប្រព័ន្ធអេកូឡូស៊ី។ លោកបានមានប្រសាសន៍ថា «នវានុវត្តន៍នៃសេវាហិរញ្ញវត្ថុអន្តរជាតិ មិនមែនគ្រាន់តែជាការអភិវឌ្ឍបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យធុរកិច្ចនានាអាចដំណើរការបាន យ៉ាងរលូននៅទូទាំងតំបន់អាស៊ាន។ ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវ ដំណោះស្រាយហិរញ្ញវត្ថុដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ដើម្បីជំរុញពាណិជ្ជកម្ម លំហូរវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»

ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅពីថ្ងៃទី៣ ដល់ទី៤ ខែមីនា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្នុងការជំរុញសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងការរីកចម្រើននៃវិស័យឯកជន។ ខណៈដែលសេដ្ឋកិច្ចអាស៊ាន កំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ភាពជោគជ័យរួមក្នុងតំបន់ គឺអាស្រ័យយ៉ាងសំខាន់លើភាពងាយស្រួល នៃលំហូរទុនឆ្លងដែន។ ធនាគារ វីង កំពុងចូលរួមដោះស្រាយបញ្ហាប្រឈមនេះយ៉ាងសកម្ម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនាគារឌីជីថលដ៏ទំនើប និងការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការថ្មីៗនេះជាមួយធនាគារ CIMB Singapore ដើម្បីពង្រឹងច្រករបៀងហិរញ្ញវត្ថុ និងតភ្ជាប់ទីផ្សារក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។

ចំពោះប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់សហគ្រាសកម្ពុជា សមាហរណកម្មហិរញ្ញវត្ថុកម្រិតខ្ពស់នេះ ផ្ដល់នូវដំណោះស្រាយសម្រាប់បញ្ហា ចំពោះមុខបានយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងសហគ្រាសធុនតូច និងមធ្យម ឬក្រុមហ៊ុនក្នុងស្រុក ឥឡូវនេះអាចទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់ នៅប្រទេសសិង្ហបុរី ឬដៃគូពាណិជ្ជកម្មក្នុងតំបន់ បានយ៉ាងមានសុវត្ថិភាព និងទាន់ចិត្ត។ ដំណោះស្រាយនេះ ជួយកាត់បន្ថយភាពយឺតយ៉ាវ និងការចំណាយខ្ពស់នៃសេវាធនាគារបែបប្រពៃណី ព្រមទាំងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាព អាជីវកម្មឱ្យកាន់តែធំទូលាយ លើសពីទីផ្សារក្នុងស្រុក។ ភាពរីកចម្រើននៅក្នុងតំបន់ពិតប្រាកដ មិនត្រឹមតែទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការកម្លាំងពលកម្ម ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអនាគតផងដែរ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រង អគ្គនាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារនៃធនាគារ វីង បានលើកឡើងពីចំណុចមួយនេះ ក្នុងអំឡុងកិច្ចពិភាក្សាក្រោមប្រធានបទ «ជំនាញសម្រាប់អនាគត៖ ការវិវត្តនៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងសម័យទំនើប»។ លោកបានបញ្ជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាសំខាន់បំផុតក្នុងការបំពាក់បំប៉ន ជំនាញឌីជីថលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្ម ៤.០។

ប្រជាជនអាស៊ានមានជាង ៦០០លាននាក់ ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែមានទំនាក់ទំនងស្អិតរមួត អន្តរប្រតិបត្តិការហិរញ្ញវត្ថុ សមត្ថភាពឌីជីថល និងការត្រៀមខ្លួននៃកម្លាំងពលកម្ម គឺជាកត្តាស្នូលនៃការប្រកួតប្រជែង ក្នុងតំបន់នាពេលបច្ចុប្បន្ន។ ការបន្តចូលរួមរបស់ធនាគារ វីង ក្នុងកិច្ចសន្ទនាដ៏សំខាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ វីង គឺជាដៃគូដ៏ជឿទុកចិត្ត ដែលផ្ដល់លទ្ធភាពដល់ធុរកិច្ចនានាក្នុងការប្រតិបត្តិការ និងរីកចម្រើនក្នុងសេដ្ឋកិច្ចអាស៊ាន ដែលមានសមាហរណកម្ម និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអនាគត៕