ប្រធានក្រុមហ៊ុន Foxconn ព្រមានថា បើជម្លោះមជ្ឈិមបូព៌ានៅតែអូសបន្លាយ មនុស្សគ្រប់គ្នានឹងរងគ្រោះដោយសារទំនិញឡើងថ្លៃ

06-03-2026 17:06

(បរទេស)៖ ប្រធានក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំជាងគេបំផុតក្នុងលោក និងជាដៃគូផលិតម៉ាស៊ីនមេ (Server) AI ឱ្យក្រុមហ៊ុន Nvidia បានចេញមុខព្រមានថា «មនុស្សគ្រប់គ្នានឹងទទួលអារម្មណ៍ពីផលប៉ះពាល់លើតម្លៃប្រេង និងវត្ថុធាតុដើម ប្រសិនបើជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ»។ ការកើនឡើងនូវភាពតានតឹងនេះ កំពុងធ្វើឱ្យទីផ្សារសកលមានការរង្គោះរង្គើ និងបង្កកី្តបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅទីក្រុងតៃប៉ិថ្មី លោក Young Liu បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នផលប៉ះពាល់មកលើក្រុមហ៊ុន Foxconn នៅមានកម្រិតក៏ដោយ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន។ ការលើកឡើងនេះធ្វើឡើងស្របពេលដែល Foxconn កំពុងទទួលបានចំណូលខ្ពស់បំផុតមិនធ្លាប់មាន ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានសន្ទុះខ្លាំងលើទីផ្សារ។

ទន្ទឹមនឹងវិបត្តិសង្គ្រាមដែលកំពុងឆាបឆេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Microsoft និង Nvidia នៅតែបន្តជំរុញការវិនិយោគរបស់ខ្លួន ដោយសម្លឹងឃើញប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាមជ្ឈមណ្ឌលថ្មីសម្រាប់ការគណនាប្រព័ន្ធ AI ដូចជា ChatGPT ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ានៅតែស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមក ដែលអាចដុតបញ្ឆេះតម្លៃថាមពលឱ្យកាន់តែហក់ឡើងខ្ពស់។

គួរជម្រាបថា ការវិវត្តនៃជម្លោះនេះមិនត្រឹមតែជាបញ្ហានយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកត្តាកំណត់វាសនាសេដ្ឋកិច្ច និងតម្លៃទំនិញប្រើប្រាស់ដែលមនុស្សទូទៅត្រូវប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕