Toyota សម្រេចកាត់បន្ថយការផលិតរថយន្តជិត ៤ម៉ឺនគ្រឿង សម្រាប់ទីផ្សារមជ្ឈិមបូព៌ា ដោយសារវិបត្តិភស្តុភារ

07-03-2026 09:49

(បរទេស)៖ ក្រុមហ៊ុនយក្សជប៉ុន Toyota Motor បានសម្រេចចិត្តកាត់បន្ថយការផលិតរថយន្តជិត ៤០,០០០ គ្រឿង ដែលគ្រោងនឹងនាំចេញទៅកាន់មជ្ឈិមបូព៌ាសម្រាប់ខែមីនា និងមេសានេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei មូលហេតុចម្បងគឺបណ្តាលមកពីបញ្ហាកង្វល់ផ្នែកភស្តុភារ និងការដឹកជញ្ជូន ដែលរងផលប៉ះពាល់ពីភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

យោងតាមកាេចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការកាត់បន្ថយនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមានការរអាក់រអួលក្នុងការដឹកជញ្ជូនតាម ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដង្ហើមសេដ្ឋកិច្ចដ៏សំខាន់រវាងអ៊ីរ៉ង់ និងអូម៉ង់។ បញ្ហានេះបានបង្ខំឱ្យ Toyota ត្រូវជូនដំណឹងទៅកាន់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ទាំងអស់ អំពីការផ្លាស់ប្តូរផែនការផលិតកម្មជាបន្ទាន់ ដើម្បីទប់ទល់នឹងស្ថានភាពដែលមិនអាចព្យាករណ៍បាននេះ។

ម៉ូដែលរថយន្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានរថយន្តពេញនិយម Toyota Land Cruiser រថយន្តប្រភេទ Sedan និងរថយន្ត Vans ពាណិជ្ជកម្មផ្សេងៗទៀត។ របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយជិត ៤ម៉ឺនគ្រឿងនេះ គឺស្មើនឹងប្រហែល ៦០% ទៅ ៧០% នៃបរិមាណនាំចេញប្រចាំខែសរុបរបស់ Toyota ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលកន្លងមកមានចំនួនប្រហែល ៣០,០០០ គ្រឿងក្នុងមួយខែ។

ទោះជាយ៉ាងណា មកទល់ពេលនេះ «ក្រុមហ៊ុន Toyota Motor មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ» ដែលធ្វើឱ្យអ្នកតាមដានសេដ្ឋកិច្ចនៅតែបន្តរង់ចាំមើលជំហានបន្ទាប់របស់ក្រុមហ៊ុនរថយន្តលំដាប់ពិភពលោកមួយនេះ៕