រដ្ឋបាលលោក ត្រាំ ប្រឈមមុខនឹងបណ្តឹងជុំវិញកិច្ចព្រមព្រៀង TikTok៖ តើនេះជាការសម្រុះសម្រួល ឬជាការបំពានច្បាប់សន្តិសុខជាតិ?

07-03-2026 09:56

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គមេធាវីលោកស្រី Pam Bondi កំពុងប្រឈមមុខនឹងបណ្តឹងតាមផ្លូវតុលាការ ដែលប្តឹងដោយក្រុមវិនិយោគិន នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានអនុម័តកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance (ម្ចាស់កម្មវិធី TikTok របស់ចិន) បង្កើតក្រុមហ៊ុនរួមទុនថ្មីមួយ ដែលមានភាគហ៊ុនភាគច្រើនជារបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ដើមបណ្តឹង ដែលជាវិនិយោគិនក្នុងក្រុមហ៊ុនបណ្តាញសង្គមគូប្រជែង បានអះអាងថា ការអនុម័តនេះគឺខុសច្បាប់ និងមិនបានអនុវត្តតាមតម្រូវការនៃច្បាប់ឆ្នាំ២០២៤ ដែលតម្រូវឱ្យ ByteDance លក់ដាច់ខាតនូវទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក ដើម្បីកាត់ផ្តាច់ឥទ្ធិពលពីប្រទេសចិន។ បណ្តឹងនេះបានលើកឡើងថា កិច្ចព្រមព្រៀងបច្ចុប្បន្នអាចបើកឱកាសឱ្យ «សម្ព័ន្ធមិត្តរបស់រដ្ឋបាលលោក ត្រាំ» មានអំណាចក្នុងការត្រួតពិនិត្យ ឬរឹតត្បិតខ្លឹមសារនយោបាយនៅលើ TikTok ដែលជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពបំផុតមួយ។ ដើមបណ្តឹងបានបញ្ជាក់ថា បើទោះបីជាមានការលក់ភាគហ៊ុនមួយផ្នែកក៏ដោយ ប៉ុន្តែ ByteDance នៅតែរក្សាការគ្រប់គ្រងលើ «ក្បួនដោះស្រាយ (Algorithm)» និងធាតុផ្សំសំខាន់ៗរបស់ TikTok ដដែល ដែលនេះផ្ទុយពីគោលបំណងនៃច្បាប់ការពារសន្តិសុខជាតិ។

គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់បង្ខំឱ្យ ByteDance លក់ TikTok អាមេរិកឱ្យដាច់ស្រឡះត្រឹមខែមករា ឆ្នាំ២០២៥ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការបិទចោល (Ban)។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ដែលបានចូលកាន់តំណែងអាណត្តិទី២ នៅដើមឆ្នាំ២០២៥ បានសម្រេចមិនអនុវត្តការបិទនេះឡើយ ហើយលោកស្រី Pam Bondi ក៏បានធានាដល់ក្រុមហ៊ុននានាថា ពួកគេនឹងមិនមានទោសទណ្ឌចំពោះការបន្តប្រើប្រាស់ TikTok នោះទេ។ កិច្ចព្រមព្រៀងដែលកំពុងរងការរិះគន់នេះ រួមមានការចូលរួមពីក្រុមហ៊ុនធំៗ និងអ្នកជំនួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ ដូចជាក្រុមហ៊ុន Oracle, Susquehanna International Group និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។

ដើមបណ្តឹងមិនបានទាមទារឱ្យមានការបិទ TikTok ភ្លាមៗនោះទេ ប៉ុន្តែពួកគេចង់ឱ្យមាន «ការចរចាកិច្ចព្រមព្រៀងឡើងវិញ» ដើម្បីធានាថា TikTok អាមេរិកពិតជាដាច់ចេញពីការគ្រប់គ្រងរបស់ចិនមែន ហើយមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់ក្រុមណាមួយឡើយ៕