បដិវត្តន៍ថ្មី៖ BYD បង្ហាញថ្ម Blade Battery 2.0 សាកត្រឹម ៥នាទី បានថាមពលដល់ ៧០%

07-03-2026 10:08

(បរទេស)៖ ក្រុមហ៊ុន BYD បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញបច្ចេកវិទ្យាថ្មជំនាន់ថ្មី Blade Battery 2.0 ដែលបំពាក់លើរថយន្តស៊េរីខ្ពស់ Denza Z9GT។ បច្ចេកវិទ្យានេះត្រូវបានគេចាត់ទុកថា ជាជំហានដ៏ធំមួយក្នុងការកាត់បន្ថយរយៈពេលសាកថ្ម និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) ឱ្យកាន់តែប្រសើរជាងមុន។

យោងតាមការបញ្ជាក់ពីបច្ចេកទេស ថ្ម Blade Battery 2.0 រួមបញ្ចូលជាមួយប្រព័ន្ធ Flash Charging ថ្មី ដែលអនុញ្ញាតឱ្យអ្នកបើកបរសាកថ្មពី 10% ទៅ 70% ដោយចំណាយពេលត្រឹមតែ ៥ នាទី ប៉ុណ្ណោះ ខណៈការសាកថ្មពី 10% ទៅ 97% គឺប្រើរយៈពេលត្រឹមតែ ៩ នាទី។

អ្វីដែលកាន់តែពិសេសនោះ ទោះបីស្ថិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងចន្លោះពី -20°C ទៅ -30°C ក៏ដោយ ក៏ប្រព័ន្ធនេះនៅតែអាចសាកថ្មពី 20% ទៅ 97% ក្នុងរយៈពេលត្រឹមតែ ១២ នាទី ដែលជាចំណុចខ្លាំងមិនធ្លាប់មានពីមុនមកសម្រាប់រថយន្តអគ្គិសនីក្នុងតំបន់ត្រជាក់។

ក្រៅពីល្បឿនសាកដ៏លឿន Blade Battery 2.0 ក៏មានលក្ខណៈសម្បត្តិលេចធ្លោជាច្រើនទៀតដូចជា ដង់ស៊ីតេថាមពល កើនឡើង 5% ធៀបនឹងជំនាន់មុន។ នៅលើរថយន្ត Denza Z9GT វាអាចរត់បានចម្ងាយរហូតដល់ ១,០៣៦ គីឡូម៉ែត្រ ក្នុងការសាកពេញម្តង និងចំណុចពិសេសមួយទៀតគឺ វាមានអាយុកាលប្រើប្រាស់វែងជាងមុន និងរក្សានូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុតដែលជាចំណុចសម្គាល់របស់ត្រកូល Blade Battery។

បច្ចេកវិទ្យាថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាដំណោះស្រាយដ៏សំខាន់ក្នុងការលុបបំបាត់ក្តីបារម្ភរបស់អ្នកប្រើប្រាស់ជុំវិញរឿង «ចម្ងាយបើកបរ» និង «រយៈពេលរង់ចាំសាកថ្ម»។ វានឹងជួយរុញច្រានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងទីផ្សារប្រទេសចិន និងពិភពលោកឱ្យកាន់តែមានភាពរីកចម្រើន និងងាយស្រួលជាងមុន៕