ធនាគារ «វីង» សហការជាមួយអ្នកជំនាញ រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិក ក្នុងទិវាសិទ្ធិនារីអន្តរជាតិ

07-03-2026 11:06

(ភ្នំពេញ)៖ តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។ ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ធនាគារ វីង បានរៀបចំកម្មវិធីសុខភាព និងសុខុមាលភាព ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្គលិកស្ត្រី តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញអំពីការបង្ការជំងឺ និងថែទាំសុខភាពទូទៅ។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា «ស្ត្រីគឺជាកម្លាំងចលករក្នុងការជំរុញនវានុវត្តន៍ ភាពធន់ និងការផ្លាស់ប្តូរវិជ្ជមានក្នុងគ្រប់វិស័យនៃសង្គម។ នៅធនាគារ វីង យើងផ្ដល់តម្លៃខ្ពស់បំផុតចំពោះសក្ដានុពលដែលពួកគាត់បាននាំមកជូនក្រុមការងារ និងសហគមន៍របស់យើង។ កម្មវិធីថែទាំសុខភាពនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថា បុគ្គលិកស្ត្រីទាំងអស់ ទទួលបានចំណេះដឹង និងការគាំទ្រចាំបាច់ ដើម្បីអាចផ្តល់អាទិភាពលើសុខុមាលភាពផ្ទាល់ខ្លួន ព្រោះភាពរឹងមាំរបស់ពួកគាត់ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់ធនាគារ វីង»

កម្មវិធីអបអរសាទរទិវានារីអន្តរជាតិនេះ បានផ្ដល់នូវចំណេះដឹង និងវិធីសាស្ត្រថែទាំសុខភាព ដែលរៀបចំឡើងយ៉ាងពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីក្នុងវិស័យការងារ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមអាចពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីទទួលបានការណែនាំ និងដំបូន្មានក្នុងការថែរក្សាសុខភាព ក៏ដូចជារបៀបរស់នៅប្រកបដោយផាសុកភាព។

ធនាគារ វីង បានសហការជាមួយមជ្ឈមណ្ឌលសុខុមាលភាព Royal Group Wellness Center, មន្ទីរពេទ្យអន្តរជាតិអូរៀនដា, មន្ទីរពហុព្យាបាល Sing Specialist និងមន្ទីរពេទ្យ Intercare ដើម្បីរៀបចំកម្មវិធីស្ដីអំពីប្រធានបទសំខាន់ៗទាក់ទងនឹងសុខភាពស្ត្រី។ ក្នុងឱកាសនោះ អ្នកជំនាញបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិនិត្យសុខភាពដើម្បីបង្ការជំងឺនានា ការពិនិត្យរកឃើញជំងឺតាំងពីដំណាក់កាលដំបូង និងការថែទាំសុខភាពតាមរបៀបរស់នៅប្រចាំថ្ងៃដែលជួយជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខុមាលភាពផ្ទាល់ខ្លួន។

ស្ត្រីគឺជាផ្នែកដ៏សំខាន់នៃកម្លាំងចលកររបស់ធនាគារ វីង ដែលកំពុងបំពេញការងារនៅពេញផ្ទៃប្រទេស។ បច្ចុប្បន្ន បុគ្គលិកស្ត្រីមានចំនួនជិត ៤០% នៃបុគ្គលិកសរុប ដោយកំពុងបម្រើការងារក្នុងតួនាទីសំខាន់ៗជាច្រើនក្នុងផ្នែកដឹកនាំ បច្ចេកវិទ្យា និងប្រតិបត្តិការជាដើម។ លើសពីនេះ ស្ត្រីមានចំនួនរហូតដល់ជាង ៨០% នៃបណ្តាញភ្នាក់ងារធនាគារ វីង សរុបជាង ១២.០០០នាក់ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ប្រជាជនក្នុងសហគមន៍។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពបុគ្គលិកឱ្យកាន់តែប្រសើរឡើង កាលពីឆ្នាំមុន ធនាគារ វីង ក៏បានសម្ពោធមជ្ឈមណ្ឌលហាត់ប្រាណថ្មីមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយអនុញ្ញាតឱ្យបុគ្គលិកទាំងអស់អាចមកហាត់ប្រាណ និងចូលរួមថ្នាក់យូហ្គាក្រោយម៉ោងធ្វើការដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលនេះបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់ការពង្រឹងសុខភាព និងកម្លាំងពលំ ព្រមទាំងមានកន្លែងហាត់យូហ្គា ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ចំពោះសុខុមាលភាពគ្រប់ជ្រុងជ្រោយនៅក្នុងកន្លែងធ្វើការ។

ធនាគារ វីង បន្តយកចិត្តទុកដាក់លើសមភាពយេនឌ័រ ការរីកចម្រើនក្នុងអាជីពការងារ និងសុខុមាលភាពនៅកន្លែងធ្វើការ តាមរយៈគោលនយោបាយជាក់លាក់ និងគំនិតផ្ដួចផ្ដើមនានាជាបន្តបន្ទាប់។ កម្មវិធីថែទាំសុខភាពក្នុងឱកាសទិវានារីអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការលើកកម្ពស់បរិយាកាសការងារប្រកបដោយការគាំទ្រ និងបរិយាបន្ន ដើម្បីជំរុញភាពចម្រុះ ព្រមទាំងសុខុមាលភាពរបស់បុគ្គលិកគ្រប់រូប៕