Oracle និង OpenAI ដកថយពីគម្រោងយក្សនៅ Texas បើកផ្លូវឱ្យម្ចាស់ Facebook ចូលជំនួស
07-03-2026 13:17
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle និង OpenAI បានសម្រេចចិត្តលុបចោលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) ដ៏ធំមួយនៅរដ្ឋ Texas បន្ទាប់ពីការចរចាលើបញ្ហាថវិកាមានភាពអូសបន្លាយ និងការផ្លាស់ប្តូរតម្រូវការបច្ចេកទេស។ យោងតាមរបាយការណ៍ពី Bloomberg News ការសម្រេចចិត្តនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាផ្នែកមួយនៃមហាគម្រោង «Stargate» ដែលមានតម្លៃខ្លួនរហូតដល់ ៥០០ ពាន់លានដុល្លារ ដែលធ្លាប់ត្រូវបានប្រកាសយ៉ាងកក្រើកដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំ ២០២៥ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។
ទោះបីជាការដកថយនៅទីតាំងនេះបង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែវាមិនមែនជាការបញ្ចប់នៃមហិច្ឆតារបស់ក្រុមហ៊ុនទាំងពីរនោះទេ។ ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «សមត្ថភាពថាមពលទាំងនោះ នឹងត្រូវយកទៅបំពេញនៅតាមបណ្តុំមជ្ឈមណ្ឌលទិន្នន័យផ្សេងទៀតដែលកំពុងសាងសង់ជំនួសវិញ»។ បច្ចុប្បន្ន ទីតាំងនៅ Texas នេះមានអគារចំនួន ២ កំពុងដំណើរការរួចរាល់ហើយ ខណៈដែលផែនការមេក្នុងការអភិវឌ្ឍថាមពលកុំព្យូទ័រដ៏មហិមាផ្សេងទៀត នៅតែបន្តដើរទៅមុខតាមការគ្រោងទុកដដែល។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅពេលដែល Oracle និង OpenAI ដើរចេញ ក្រុមហ៊ុន Meta (ម្ចាស់ Facebook) របស់លោក Mark Zuckerberg កំពុងត្រៀមខ្លួនចូលមកជំនួសកន្លែងនេះភ្លាមៗ ដើម្បីពង្រឹងអាណាចក្រ AI របស់ខ្លួន។ ក្នុងដំណើរការផ្លាស់ប្តូរដៃគូនេះ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល Nvidia ក៏បានដើរតួជាអ្នកសម្របសម្រួលយ៉ាងស្វាហាប់ ដើម្បីធានាថាផលិតផលរបស់ខ្លួននឹងនៅតែជា «បេះដូង» នៃមជ្ឈមណ្ឌលនេះ ជាជាងការទុកឱកាសឱ្យគូប្រជែងដូចជា AMD ចូលមកដណ្តើមទីផ្សារ។
គួរជម្រាបថា បើទោះបីជាមានការផ្លាស់ប្តូរទីតាំង និងសមាជិកខ្លះៗ ប៉ុន្តែសង្គ្រាមនៃការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ «ខួរក្បាលឌីជីថល» សម្រាប់បម្រើឱ្យ ChatGPT, Copilot និងសេវាកម្ម AI ផ្សេងៗទៀត នៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅ។ នេះសបញ្ជាក់ឱ្យឃើញថា ក្នុងពិភពបច្ចេកវិទ្យា បើទោះបីជាមានម្នាក់ដើរចេញ ក៏នឹងមានអ្នកផ្សេងទៀតរង់ចាំដណ្តើមយកឱកាសនោះមកវិញក្នុងពេលប៉ប្រិចភ្នែកតែប៉ុណ្ណោះ៕












