Mizuno Cambodia និង Castor Club ចាប់ដៃគ្នា ពង្រីក និងពង្រឹងវិស័យកីឡា ជាពិសេសកីឡារត់ នៅក្នុងប្រទេសកម្ពុជា (Video inside)
07-03-2026 15:31
(ភ្នំពេញ)៖ ក្រុមហ៊ុន Mizuno Cambodia និង Castor Club នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាដៃគូឧបត្ថម្ភលើសម្ភារៈកីឡា Mizuno ផ្ដាច់មុខ ទៅលើ Castor Club និងដើម្បីរួមគ្នាពង្រីក និងពង្រឹងវិស័យកីឡា ជាពិសេសវិស័យកីឡារត់ នៅក្នុងប្រទេសកម្ពុជា។
កញ្ញា ភុន ច័ន្ទខេមម៉ា តំណាងក្រុមហ៊ុន Mizuno Cambodia បានឲ្យដឹងថា ការចាប់ដៃគូសហការនេះ ដើម្បីឧបត្ថម្ភលើសម្ភារៈកីឡា Mizuno ផ្ដាច់មុខ ទៅលើ Castor Club ហើយ Mizuno នឹងធ្វើការឧបត្ថម្ភជារៀងរាល់៣ខែម្ដង សម្រាប់សមាជិក Castor Club។
បន្ថែមពីនោះទៀត កញ្ញា ភុន ច័ន្ទខេមម៉ា បានគូសបញ្ជាក់ថា បន្ទាប់ពីចាប់ដៃគូសហការនេះ Mizuno និង Castor នឹងរួមគ្នាបង្កើតសកម្មភាពកីឡាជាមួយគ្នា ជាពិសេសព្រឹត្ដិការណ៍រត់ ដើម្បីផ្សព្វផ្សាយវិស័យកីឡារត់ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនបន្ថែមទៀត។
កញ្ញា ភុន ច័ន្ទខេមម៉ា បានលើកឡើងថា កត្ដាចម្បងដែលធ្វើឲ្យ Mizuno Cambodia ចាប់ដៃគូសហការជាមួយ Castor Club ដោយសារតែស្ថាប័នទាំងពីរ មានចក្ខុវិស័យដូចគ្នា ចង់លើកស្ទួយវិស័យកីឡា ជាពិសេសវិស័យកីឡារត់ នៅក្នុងប្រទេសកម្ពុជា។
លោក លី ធៀង ស្ថាបនិកនៃក្រុមហ៊ុន និងក្លឹបរត់ Castor បានលើកឡើងថា ការសហការនេះ មិនមែនគ្រាន់តែជាការចុះហត្ថលេខារវាងស្ថាប័នពីរទេ ប៉ុន្តែជាការចាប់ដៃគ្នា ដើម្បីពង្រីក និងពង្រឹងវិស័យកីឡា នៅប្រទេសកម្ពុជា តទៅទៀត។
លោក លី ធៀង បានថ្លែងថា «ខ្ញុំជឿជាក់ថា ការរួមបញ្ចូលគ្នារវាងបទពិសោធន៍ ស្តង់ដារ និងគុណភាពផលិតផលកីឡាអន្តរជាតិ របស់ Mizuno Cambodia ជាមួយនឹងចក្ខុវិស័យ និងការបណ្តុះបណ្តាលយុវជនរបស់ Castor នឹងជួយលើកស្ទួយ និងពង្រឹងវិស័យកីឡាបាល់ទះ កីឡាបាល់បោះ និងកីឡារត់ ឲ្យមានការរីកចម្រើនបន្ថែមទៀត»។
សូមជម្រាបថា ហាងលក់សម្ភារៈកីឡា «Mizuno Cambodia» មានទីតាំងនៅអគារ១៥០H, ផ្លូវ៥១៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលទទួលបានសិទ្ធិស្របច្បាប់ ក្នុងការចែកចាយ និងលក់ផលិតផលម៉ាក MIZUNO តែមួយគត់នៅកម្ពុជា ដោយក្រុមហ៊ុន Sakae Fukusho Co.,Ltd៕






















