កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ លើកទី៥ បានប្រកាសបេីកជាផ្លូវការនៅកម្ពុជា
07-03-2026 19:47
(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាភពផែនដី អន្តរជាតិ (Miss Planet International) លើកទី៥ បានប្រកាសបេីកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការមានការចូលរួមពីបវរកញ្ញាភពផែនដី អន្តរជាតិ មកពីជាង ៤០ប្រទេស ជុំវិញពិភពលោករួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
កញ្ញា Sydney Sarim Marith (Miss Planet International 2025) តំណាងបវរកញ្ញាភពផែនដី អន្តរជាតិ មកពីជាង ៤០ ប្រទេស ជុំវិញពិភពលោក បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ និងបានអរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បវរកញ្ញាភពផែនដី អន្តរជាតិ ដែលបានចូលរួមទាំងអស់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានកោតសរសើរ និងអរគុណ ចំពោះ Miss Planet International និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានជួយជ្រោមជ្រែង និងបង្កើតកម្មវិធីមួយនេះ ឱ្យកើតមានឡើង ដើម្បីលើកកម្ពស់មុខមាត់ព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យស្មើនឹងបណ្តាប្រទេសនានាលើពិភពលោក។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន មានប្រសាសន៍ និងស្វាគមន៍ចំពោះប្រតិភូ បវរកញ្ញាភពផែនដី អន្តរជាតិទាំងអស់ ដែលបានមកដល់កម្ពុជា និងបានទស្សនាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបង្ហាញពីការគាំទ្រ លើកកម្ពស់ទាំងវិស័យទេសចរណ៍ ផ្សារភ្ជាប់ ជាមួយវិស័យអប់រំ ។
នេះជាលើកទី៥ ហើយកម្ពុជា បានរៀបចំកម្មវិធីបវរកញ្ញាភពផែនដី អន្តរជាតិ (Miss Planet International) លើកទី៥ ក្នុង ឆ្នាំ២០២៦នេះ មានបវរកញ្ញាភពផែនដី អន្តរជាតិ ចូលរួមចំនួន ៤០ប្រទេសមកពីជុំវិញពិភពលោក នេះបង្ហាញឱ្យឃើញថាកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានអរគុណសន្តិភាព ដែលធ្វើឱ្យប្រជាជនរស់នៅមាន សេចក្តីសុខ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជា មូលដ្ឋានគ្រឹះ នៃឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញនៅកម្ពុជា។
លោកក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឹមនុស្សជាអាទិភាព ទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និង លោកស្រី ហាលី អាមីន ស្ថានិក-ប្រធាន Miss Planet International ព្រមទាំងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់បានចូលរួមកាត់ខ្សែបូ អបអរសាទរពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ផងដែរ៕






























