កម្ពុជាម្ចាស់ផ្ទះ! បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៥ មកពី ៣៥ប្រទេសជុំវិញពិភពលោក ទទួលបានការបំពាក់ឈៀងជាផ្លូវការ
08-03-2026 12:24
(ភ្នំពេញ)៖ បវរកញ្ញាភពផែនដីអន្តរជាតិឆ្នាំ២០២៥ (Miss Planet International 2025) មកពី ៣៥ប្រទេសជុំវិញពិភពលោក ទទួលបានការបំពាក់ឈៀងជាផ្លូវការ នាយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International ដែលការបំពាក់ឈៀងនេះជាការប្រកាសបេីកកម្មវិធីផ្លូវការក្នុងនាមកម្ពុជា ធ្វេីជាម្ចាស់ផ្ទះរៀបចំ។
កម្មវិធី Miss Planet International 2025 បានរៀបចំជាលេីកទី៥ នៅកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាភពផែនដីអន្តរជាតិ មកពី៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
គួរបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។
តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ៕




















