អភិបាលខេត្តកំពង់ចាម បើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦

08-03-2026 14:53

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដែលពិធីនេះធ្វើឡើងនៅក្នុងកីឡាដ្ឋានបាល់ទះ សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងគាំទ្រយ៉ាងពេញទំហឹង ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលបានរៀបចំព្រឹត្តិការណ៍បើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ផ្ដើមប្រកួតពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នាពេលនេះ។

លោកអភិបាលខេត្តបានថ្លែងបន្តថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ វាជាប្រការសំខាន់ណាស់សម្រាប់ក្មួយៗ សិស្សានុសិស្សស្ថិតក្នុងវ័យសិក្សា ដែលចាំបាច់ត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយជា កូនល្អ សិស្សល្អ និងមិត្តល្អ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ នៅថ្ងៃអនាគត កត្តានេះក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវបណ្ដុះឱ្យបាននូវសម្បត្តិទាំងបួនក្នុងជីវិតគឺ៖ ទី១-សម្បត្តិផ្លូវកាយ ទី២-សម្បត្តិបញ្ញា ទី៣-សម្បត្តិសីលធម៌ និង៤-សម្បត្តិទ្រព្យ ទើបឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់។

លោកអភិបាលខេត្តបានបន្ថែមថា សម្ដេច តែងតែបានយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ព្រមទាំងបានផ្ដល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើន ដល់ជ័យលាភីកីឡាលើឆាកអន្តរជាតិ។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងពន្លឿនការដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាសម្រាប់ជាត្រីវិស័យក្នុងការអនុវត្តកីឡានៅពេលអនាគតផងដែរ៕