Nvidia បង្ហាញកញ្ចប់លើកទឹកចិត្តថ្មី៖ លោក Jensen Huang អាចទទួលបានប្រាក់រង្វាន់ ៤លានដុល្លារ បន្ថែមលើទ្រព្យសម្បត្តិមហាសាល
09-03-2026 10:18
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia ទើបតែបានប្រកាសផែនការផ្តល់ប្រាក់បំណាច់ថ្មីសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ដោយកំណត់គោលដៅប្រាក់រង្វាន់ជាសាច់ប្រាក់ចំនួន ៤ លានដុល្លារ ជូនដល់នាយកប្រតិបត្តិ (CEO) លោក Jensen Huang។ ប្រាក់រង្វាន់នេះ នឹងត្រូវប្រគល់ជូន លុះត្រាតែក្រុមហ៊ុនអាចសម្រេចបាននូវគោលដៅចំណូលជាក់លាក់ណាមួយ យោងតាមការកំណត់របស់គណៈកម្មាធិការក្រុមហ៊ុនកាលពីដើមខែមីនានេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។
ទោះបីជាប្រាក់រង្វាន់ ៤ លានដុល្លារនេះមើលទៅហាក់ដូចជាច្រើន ប៉ុន្តែវានៅមានកម្រិតទាបនៅឡើយ បើធៀបនឹងចំណូលសរុបរបស់លោក Huang។ កាលពីឆ្នាំ ២០២៥ កន្លងទៅ លោកទទួលបានប្រាក់បំណាច់សរុបរហូតដល់ជិត ៥០ លានដុល្លារ ដែលក្នុងនោះទឹកប្រាក់ប្រមាណ ៣៨,៨ លានដុល្លារ គឺជាតម្លៃភាគហ៊ុនដែលក្រុមហ៊ុនបានផ្តល់ឱ្យ។ នេះសបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់មេធំ Nvidia រីកដុះដាលខ្លាំងគឺពឹងផ្អែកលើតម្លៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាចម្បង។
សន្ទុះនៃការកើនឡើងនូវកញ្ចប់លើកទឹកចិត្តនេះ កើតមានឡើងបន្ទាប់ពី Nvidia បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើល ដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគនៅ Wall Street។ ការហក់ឡើងនៃចំណូលនេះ គឺដោយសារតែតម្រូវការមិនចេះរីងស្ងួតពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញពិភពលោក ដែលកំពុងសម្រុកបញ្ជាទិញបន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI)។
គួរជម្រាបថា ក្រុមហ៊ុនដែលឈរឈ្មោះជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងលោកមួយនេះ បានព្យាករណ៍ថា ការលក់សម្រាប់ត្រីមាសទីមួយនៃឆ្នាំសារពើពន្ធថ្មី អាចនឹងហក់ឡើងដល់ទៅ ៧៨ ពាន់លានដុល្លារ។ តួលេខដ៏មហិមានេះ កាន់តែសង្កត់ធ្ងន់ថា យុគសម័យមាសនៃបច្ចេកវិទ្យា AI កំពុងតែជំរុញឱ្យ Nvidia ក្លាយជាចក្រភពបច្ចេកវិទ្យាដែលមិនអាចខ្វះបានក្នុងពិភពលោក៕








