ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ ទាក់ទាញស្ដ្រីចូលរួមកាន់តែច្រើន
09-03-2026 10:24
(ភ្នំពេញ)៖ ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១៥ បានទាក់ទាញស្ដ្រីចូលរួមរត់កាន់តែច្រើន រហូតដល់ ៦០% ក្នុងចំណោមអត្តពលិកចូលរួមសរុបជាង ៤ពាន់នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានបង្ហាញពីការរួបរួមសាមគ្គីគ្នា ក្នុងវិស័យកីឡា ទាំងបុរស និងស្ដ្រី ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបរិយាបន្ន ដ្បិតកាលណាប្រជាពលរដ្ឋនាំគ្នាលេងកីឡា មានសុខភាពល្អ ប្រាជ្ញាស្មារតីភ្លឺថ្លា អាចប្រកបការងារបានល្អប្រសើរ ហើយក៏បានរួមចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។
លោកស្រីបន្ដថា បច្ចុប្បន្នវិស័យកីឡាមានភាពផុលផុសខ្លាំងណាស់ ហើយស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យនានា ដូចបុរសដែរ តួយ៉ាងក្នុងវិស័យកីឡា។ តាមរយៈនេះ លោកស្រីបានបង្ហាញនូវមោទនភាព ចំពោះការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា ទាំងភាពជាអ្នកដឹកនាំ និងការប្រកួតប្រជែងផ្ទាល់របស់កីឡាការិនី ក្នុងការដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ។ ក្នុងន័យនេះ លោកស្រីក៏បានជំរុញឲ្យក្មេងស្រី និងស្ត្រីគ្រប់រូប ចូលរួមលេងសកម្មភាពកីឡាកាន់តែច្រើនបន្ថែមទៀត ដើម្បីសុខភាពខ្លួនឯងផង និងសុខដុមរម្យនាក្នុងសង្គមជាតិផង។
ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍រត់កម្សាន្ដប្រចាំឆ្នាំនេះដែរ លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា Women Run 10K ឆ្នាំនេះ មានអ្នកចូលរួមសរុបជាង ៤ពាន់នាក់ ដែលកើនឡើងប្រមាណ ២០% បើធៀបកាលពីឆ្នាំមុន។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺកំណើនស្ដ្រីចូលរួមដ៏ច្រើនរហូតដល់ ៦៥%។ នេះគឺជាជោគជ័យដ៏ធំ ហើយក៏ជាការចង់បានរបស់ NOCC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបំផុសសកម្មភាពកីឡាដល់ប្រជាពលរដ្ឋ ពិសេសស្ដ្រីតែម្ដង៕











