ការប្រើ VPN ហក់ឡើងខ្ពស់ ខណៈគេហទំព័រអាសអាភាសត្រូវបានបិទ ស្របពេលអូស្ត្រាលីអនុវត្តច្បាប់រឹតបន្តឹងអាយុ

09-03-2026 10:55

(បរទេស)៖ ការប្រើប្រាស់បណ្តាញឯកជននិម្មិត (VPN) បានក្លាយជាកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតបន្តឹងអាយុលើអ៊ីនធឺណិតយ៉ាងតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

តាមរបាយការណ៍បានឲ្យដឹងថា គេហទំព័រអាសអាភាសទាំងអស់ត្រូវតែតម្រូវឱ្យអ្នកប្រើប្រាស់បញ្ជាក់ថាខ្លួនមានអាយុលើសពី ១៨ ឆ្នាំ។ ហាងកម្មវិធី (App Stores) ត្រូវតែត្រួតពិនិត្យអាយុមុននឹងអនុញ្ញាតឱ្យទាញយកកម្មវិធីដែលមានស្លាកសញ្ញា ១៨ឆ្នាំឡើង។ សេវាកម្ម Chatbot ដែលដើរដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវតែរារាំងមាតិកាអាសអាភាស អំពើហិង្សាខ្លាំងក្លា ការបង្ករបួសស្នាមលើខ្លួនឯង និងបញ្ហានៃការហូបចុក ចំពោះអនីតិជន បើមិនដូច្នោះទេនឹងត្រូវប្រឈមការផាកពិន័យរហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី។

ក្នុងចំណោមកម្មវិធីឥតគិតថ្លៃដែលមានការទាញយកច្រើនបំផុតទាំង ១៥ មានកម្មវិធី VPN រហូតដល់ទៅ ៣ ដែលក្នុងនោះកម្មវិធី «VPN - Super Unlimited Proxy» ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងបណ្ដាញសង្គមនានា។ ការប្រើ VPN ជួយឱ្យអ្នកប្រើប្រាស់អាចលាក់ទីតាំងពិតប្រាកដរបស់ពួកគេ ដើម្បីគេចចេញពីការរឹតបន្តឹង។ ក្រុមហ៊ុន Aylo (ម្ចាស់គេហទំព័រ Pornhub, RedTube និង YouPorn) បានសម្រេចបិទការចូលទៅកាន់គេហទំព័រ RedTube និង YouPorn ក្នុងប្រទេសអូស្ត្រាលី ហើយបង្ហាញតែមាតិកាដែល «សុវត្ថិភាពសម្រាប់ការងារ» (គ្មានរូបភាពអាសអាភាស) នៅលើ Pornhub ជំនួសវិញ។

«ក្មេងៗសព្វថ្ងៃមិនអាចដើរចូលបារដើម្បីកុម្ម៉ង់ស្រា មិនអាចចូលក្លឹបរាំស្រាត ឬចូលលេងកាស៊ីណូបានទេ... ច្បាប់នេះគឺដើម្បីនាំយកការការពារទាំងនោះមកដាក់ក្នុងពិភពឌីជីថលវិញ។» នេបើយោងតាមលោក Julie Inman Grant ស្នងការសុវត្ថិភាពតាមអ៊ីនធឺណិត (eSafety Commissioner)។ ផ្ទុយទៅវិញ ក្រុមហ៊ុន Aylo បានរិះគន់ថា ការរឹតបន្តឹងអាយុបែបនេះ មិនត្រឹមតែមិនអាចការពារអនីតិជនបានប្រកបដោយប្រសិទ្ធភាពនោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានហានិភ័យទាក់ទងនឹង ឯកជនភាពទិន្នន័យ និងការប៉ះពាល់ជាមួយមាតិកាខុសច្បាប់ផ្សេងទៀតនៅលើគេហទំព័រដែលមិនគោរពតាមច្បាប់៕