Miss Planet International 2025 មកពី ៣៥ប្រទេសជុំវិញវិញពិភពលោក ចុះមើលផ្ទាំងគំនូរដែលបង្ហាញពីស្លាកស្នាមនៃការឈឺរបស់ប្រជាជនកម្ពុជា ដោយសារសង្គ្រាមខ្មែរ-ថៃ
09-03-2026 11:05
(ភ្នំពេញ)៖ បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥ (Miss Planet International 2025) មកពី ៣៥ប្រទេស ជុំវិញពិភពលោក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យមើលជាក់ស្តែងលើទីតាំងផ្ទាំងគំនូរ ដែលដាក់តាំងបង្ហាញនៅកណ្តាលរាជធានីភ្នំពេញ ដែលជាផ្ទាំងគំនូរបញ្ជាក់ពីស្លាកស្នាមនៃការឈឺរបស់ប្រជាជនកម្ពុជា ដែលរងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ទេវរូបសាសនា ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ស្លាកស្នាមនៃការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ក្នុងបរិបទជម្លោះព្រំដែន កម្ពុជា និងថៃ។
Miss Planet International 2025 មកពី ៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
សូមបញ្ជាក់ដែរថា ការគូរគំនូរផ្ទាំងដ៏ធំនៅកណ្តាលរាជធានីភ្នំពេញនេះ មានប្រវែង ៣៥ម៉ែត្រ កម្ពស់៥ ម៉ែត្រនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញពីសកម្មភាព និងបរិបទនានា ដែលបង្ហាញពីស្នាមរបួស ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះព្រំដែន ដែលថៃបានបើកការឈ្លានពានមកលើទឹកដីនៃប្រទេសកម្ពុជានាពេលកន្លងមក។
គំនូរផ្ទាំងដ៏ធំនៅកណ្តាលរាជធានីភ្នំពេញនេះ បានបង្ហាញអំពីរូបគំនូរសិល្បៈដែលបង្ហាញស្លាកស្នាមនៃអតីតកាល ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់ ជាពិសេសក្នុងបរិបទជម្លោះព្រំដែន។ ជាមួយគ្នានេះផងដែរតាមរយៈផ្ទាំងគំនូរសិល្បៈដែលត្រូវបានបង្កើតដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថា ប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជាគាំទ្រការដោះស្រាយបញ្ហាដោយវិធីសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។
ទោះបីជារូបគំនូរនេះគ្មានសំលេង ប៉ុន្តែវាបានបង្ហាញនូវភាពឈឺចាប់ដែលមិនអាចពណ៌នាបាននូវអ្វីដែលពលរដ្ឋកម្ពុជា បានជួបប្រទះដោយសារឈ្លានពានរបស់ថៃ។ គ្រប់សកម្មភាពទាំងអស់នៅលើផ្ទាំងគំនូរដ៏ធំនេះ សុទ្ធតែបង្ហាញរូបភាពនៃការឈឺចាប់ដែលមិនអាចបំភ្លេចបាន និងភស្តុតាងដែលបង្ហាញពីសកម្មភាពឈ្លានរបស់ទាហានថៃ មកលើទឹកដីកម្ពុជា ដូចជា ដ្រូន និងយន្តហោះ F-16 របស់ថៃ ទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក និងប្រាសាទដទៃទៀត ដែលជាការបំផ្លាញមរតករប្បធម៌របស់មនុស្សជាតិ។ ព្រមទាំងកាត់ផ្តាច់ស្ពានមេទឹកនៅខេត្តពោធិ៍សាត់ ដែលជាកន្លែងតភ្ជាប់ការធ្វើដំណើរយ៉ាងសំខាន់ របស់ប្រជាជននៅតំបន់នោះ។
ជ្រុងម្ខាងនៃផ្ទាំងគំនូរនេះ បានបង្ហាញពីទាហានថៃយកគ្រឿងចក្រផ្តួលរលំរូបព្រះវិស្ណុ ដែលជាទេវរូបដ៏សំខាន់មួយនៅក្នុងសាសនាព្រាហ្មណ៍ ដែលទង្វើនេះ គឺជាប្រមាថដល់អ្នកកាន់សាសនានេះ រាប់លាននាក់នៅលើពិភពលោក។ នៅផ្នែកកណ្តាលនៃផ្ទាំងគំនូរ គឺម្តាយដែលកំពុងមានកូនក្នុងផ្ទៃ អោបកូន២នាក់ទៀតយ៉ាងតឹងណែន ដើម្បីការពារកូនពីទង្វើក៏យង់ឃ្នង់របស់ទាហានថៃ។ រូបភាពដែលគេចាប់អារម្មណ៍ទៀតនោះ គឺនារីវ័យក្មេងម្នាក់ កំពុងអង្គុយយំអោបជង្គង់ បន្ទាប់ពីរងការរំលោភបំពានពីទាហានថៃ អំឡុងពេលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា។ ក្រៅពីរូបភាពទាំងនេះ នៅមានរូបភាពជាច្រើន ដែលស្ថិតក្នុងការចងចាំដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា៕



