ជើងឯកជឺជីតស៊ូថ្នាក់ជាតិ លើកទី៤ កើនទាំងបរិមាណ និងគុណភាព

09-03-2026 12:41

(ភ្នំពេញ)៖ ការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោយដំណើរការប្រកួតស្វិតស្វាញរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្របពេលមន្ដ្រីជំនាញ បានវាយតម្លៃខ្ពស់ ចំពោះកំណើនទាំងបរិមាណ និងគុណភាព របស់កីឡាករ-កីឡាការិនីចូលរួមការប្រកួតប្រចាំឆ្នាំនេះ។

លោក សំអុន បូរមី អគ្គលេខាធិការ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករចូលរួមសរុប ២៣០នាក់ មកពី ១៨ក្លិប ដែលមានការកើនឡើងទ្វេដង បើធៀបឆ្នាំមុន ហើយជាតួរលេខគួរឲ្យភ្ញាក់ផ្អើល បើធៀបការៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មានអ្នកចូលរួមត្រឹម ៦៥នាក់។ ក្រៅពីកំណើនបរិមាណនៃការចូលរួមនេះ ក្រឡេកទៅគុណផលរបស់កីឡាករ-កីឡាការិនីចូលរួម ក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

លោកថា នេះជាសញ្ញាណវិជ្ជមាន បង្ហាញពីភាពរីកចម្រើនរបស់វិស័យកីឡាជឺជីតស៊ូកម្ពុជា ដែលបាននឹងកំពុងពង្រីកវិសាលភាពទៅដល់បណ្ដាខេត្តនានា ក្នុងទិសដៅផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ មិនតែប៉ុណ្ណោះ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ក៏ជារបត់ថ្មី នៃការធ្វើកំណែទម្រង់ប្រព័ន្ធអនុវត្តការងារស៊ីជម្រៅ ក្នុងការធ្វើទំនើបកម្មការៀបចំការប្រកួតលក្ខណៈស្ដង់ដារអន្ដរជាតិផងដែរ។

ជាមួយគ្នាលោក ថោង បញ្ញាធន ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។ លោកបានចាត់ទុកនេះគឺជាការត្រៀមលក្ខណៈមួយដ៏ល្អ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នាខែសីហាខាងមុខ ហើយលោកក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ត្រៀមចូលរួមការប្រកួតថ្នាក់តំបន់នេះ។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិ លើកទី៤ វិញ ក្នុងចំណោមក្លិបចូលរួមទាំង ១៨ គឺក្លិបគិរីជឺជីតស៊ូ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៥គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ២០), ក្លិប Aokas ឈរលេខ២ ឈ្នះមេដាយសរុប ២៩គ្រឿង (មាស ១១ ប្រាក់ ៩ និងសំរឹទ្ធ ៩) និងក្លិបខេមអេដ ឈរលេខ៣ ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៣និងសំរឹទ្ធ ៣)។ រីឯក្លិបផ្សេងៗទៀត ក៏សុទ្ធតែទទួលបានមេដាយផងដែរ៕