ក្រុមហ៊ុន X របស់លោក Elon Musk ប្រកាសស៊ើបអង្កេតបន្ទាន់ ក្រោយ AI បង្កើតខ្លឹមសាររើសអើងពូជសាសន៍

09-03-2026 14:05

(បរទេស)៖ បណ្តាញសង្គម X (អតីត Twitter) កំពុងស្ថិតក្នុងភាពចម្រូងចម្រាសថ្មីមួយ បន្ទាប់ពីកម្មវិធីឆ្លាតវៃ Grok (Chatbot) របស់ខ្លួន ត្រូវបានរកឃើញថាបានបង្កើតខ្លឹមសារដែលមានលក្ខណៈ «រើសអើងពូជសាសន៍ និងអសុរោះ»។ បច្ចុប្បន្ន ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុន កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុដែលនាំឱ្យ AI នេះបញ្ចេញសារមិនសមរម្យបែបនេះ។ ​ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

យោងតាមការរាយការណ៍ពីលោក Rob Harris អ្នកយកព័ត៌មានរបស់ Sky News បានឱ្យដឹងថា ក្រុមហ៊ុន X កំពុងតាមដានយ៉ាងតឹងរ៉ឹងលើតួនាទីរបស់ Grok ក្នុងការបង្កើត «ការបង្ហោះដែលពោរពេញដោយភាពស្អប់ខ្ពើម» នៅលើពិភពអនឡាញ ដែលការណ៍នេះកើតឡើងតាមរយៈការបញ្ចូលសំណួរ ឬការបញ្ជា (Prompts) ពីសំណាក់អ្នកប្រើប្រាស់មួយចំនួន។

បញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាល និងស្ថាប័នត្រួតពិនិត្យអន្តរជាតិជាច្រើន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានដាក់សម្ពាធឱ្យក្រុមហ៊ុនរបស់លោក Elon Musk បង្កើនប្រព័ន្ធសុវត្ថិភាពជាបន្ទាន់។ វិធានការតឹងរ៉ឹងជាច្រើន រួមមានការស៊ើបអង្កេត និងការដាក់បម្រាមផ្សេងៗ ត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃរូបភាពអាសអាភាស និងខ្លឹមសារខុសច្បាប់ដែលបង្កើតដោយបច្ចេកវិទ្យា AI។

ជាការឆ្លើយតប កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន xAI បានចាប់ផ្តើមរឹតបន្តឹងការប្រើប្រាស់ ដោយបានរារាំងមិនឱ្យអ្នកប្រើប្រាស់បង្កើតរូបភាពមនុស្សក្នុងសម្លៀកបំពាក់សិចស៊ីខ្លាំង នៅតាមតំបន់ឬប្រទេសណាដែលច្បាប់ហាមឃាត់។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅតែបន្តប្រឈមមុខនឹងសម្ពាធជុំវិញការគ្រប់គ្រងខ្លឹមសារឱ្យមានសីលធម៌ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក៕