មន្ដ្រីជាន់ខ្ពស់កីឡាវាយសី៖ កំណើនក្លិបថ្មីៗ ជាឱកាសផលិតធនធានកីឡាករ-កីឡាការិនីកាន់តែមានគុណភាព

09-03-2026 14:52

(ភ្នំពេញ)៖ លោក ជាម សុភា អនុប្រធានសហព័ន្ធកីឡាវាយសីកកម្ពុជា បានលើកឡើងថា ការកើនឡើងនៃក្លិបកីឡាវាយសីថ្មីៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត គឺជាសញ្ញាវិជ្ជមាន ក្នុងការជំរុញឲ្យការបណ្តុះបណ្តាលធនធានកីឡាករ-កីឡាការិនីកាន់តែមានគុណភាព និងសម្បូរបែប សម្រាប់ចូលរួមប្រកួតប្រជែង ទាំងក្របខណ្ឌថ្នាក់ជាតិ និងលើឆាកអន្ដរជាតិ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានចូលរួមក្នុងការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាពរបស់ក្លិបកីឡាវាយសី ប៊ីស៊ី (BC) ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា និងបើកដំណើរក្លិបជាផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅតំបន់ស្ទឹងមានជ័យ។ ការប្រកួតនេះ ធ្វើឡើងរយៈពេល ១ថ្ងៃពេញ ដោយមានកីឡាករ-កីឡាការិនី ទាំងអាជីព និងមហាជនចំនួន ១៣៦នាក់ចូលរួម។

លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាវាយសី ដែលជំរុញឲ្យមានការបង្កើតក្លិបជាច្រើន ជាក់ស្ដែងក្លិបកីឡាវាយសី ប៊ីស៊ី ខាងលើ បានរៀបចំស្របតាមនិយាមអន្ដរជាតិ។ នេះជាការរួមចំណែកជាមួយសហព័ន្ធ ក្នុងការផ្ដល់ឱកាសឲ្យយុវជនមានកន្លែងហ្វឹកហាត់ស្ដង់ដារ ពិសេសសិស្សានុសិស្សរស់នៅជុំវិញក្លិប ដែលមិនត្រឹមអាចលេងដើម្បីសុខភាព មិត្តភាព តែអាចក្លាយជាធនធានដ៏ល្អសម្រាប់បន្ដវេនក្នុងវិស័យកីឡាវាយសីកម្ពុជាផងដែរ។

ជាមួយគ្នាលោកស្រី ទ្រី ឆេង ម្ចាស់ក្លិបខាងលើបានបញ្ជាក់ថា ការរៀបចំពានរង្វាន់មិត្តភាពនេះ គឺដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការលេងកីឡា ក៏ដូចជាផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលបានហ្វឹកហាត់កន្លងមក បានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនឹងការបើកដំណើរក្លិបថ្មីនេះដែរ លោកស្រីសង្ឃឹមថា នឹងក្លាយជាកន្លែងថ្មី ដើម្បីបំផុស និងផ្ដល់ឱកាសឲ្យយុវជនបានចូលរួមហ្វឹកហាត់កីឡាដ៏ពេញនិយមនេះកាន់តែច្រើន ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

លើសពីនេះ ក្លិបក៏បានបើកភ្លើងខៀវសម្រាប់កីឡាករ-កីឡាការិនី ដែលហ្វឹកហាត់ និងមានការវិវឌ្ឍន៍សមត្ថភាពបានល្អ ហើយមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ក្លិបក៏នឹងជួយជ្រោមជ្រែងពួកគេ ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ទាំងថ្នាក់ជាតិ និងអន្ដរជាតិនៅថ្ងៃអនាគតទៀតផង។

គួរដឹងថា ជាមួយការប្រកួតកីឡាវាយសីមិត្តភាព ដើម្បីអបអរសាទរទិវាអន្ដរជាតិ ៨មីនាខាងលើ គឺធ្វើឡើងលើ ៣វិញ្ញាសា រួមមានវិញ្ញាសាវាយគូបុរសក្រុមទី១, វាយគូបុរសក្រុមទី២ និងវាយគូនារីមិនគិតអាយុ ហើយក្រុមទទួលបានជយលាភី ក៏ទទួលបានប្រាក់រង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ៕