ចិនព្រមានពីវិបត្តិខ្វះខាតបន្ទះឈីបសកល ក្រោយជម្លោះជាមួយហូឡង់ផ្ទុះឡើងជាថ្មី

09-03-2026 15:25

(បរទេស)៖ វិបត្តិខ្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តទូទាំងពិភពលោក កំពុងប្រឈមនឹងការកើតឡើងជាថ្មី បន្ទាប់ពីមានការផ្ទុះជម្លោះយ៉ាងតានតឹងរវាងក្រុមហ៊ុនផលិតបន្ទះឈីប Nexperia នៃប្រទេសហូឡង់ និងសាខារបស់ខ្លួននៅក្នុងប្រទេសចិន។ ភាពរកាំរកូសនេះបានឈានដល់ចំណុចកំពូល កាលពីពេលថ្មីៗនេះ នៅពេលដែលទីស្នាក់ការកណ្តាលនៅហូឡង់ បានសម្រេចបិទគណនីប្រព័ន្ធការិយាល័យ (IT) របស់បុគ្គលិកទាំងអស់នៅក្នុងប្រទេសចិន ដែលនាំឱ្យមានការរអាក់រអួលដល់កិច្ចការងាររដ្ឋបាល និងផលិតកម្មមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មចិនបានចេញមុខព្រមានយ៉ាងធ្ងន់ៗថា សកម្មភាពរបស់ភាគីហូឡង់បានបង្កើតជា «ឧបសគ្គថ្មីៗសម្រាប់ការចរចា» និងកំពុងរុញច្រានឱ្យមានអស្ថិរភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «Nexperia ហូឡង់ បានរំខានយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម... ហើយប្រសិនបើនេះបង្កឱ្យមានវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់សកលម្តងទៀត ហូឡង់ត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ»

គួរជម្រាបថា ដើមចមនៃបញ្ហានេះ កើតចេញពីការដណ្តើមសិទ្ធិគ្រប់គ្រងក្រុមហ៊ុន បន្ទាប់ពីអាជ្ញាធរហូឡង់បានដកហូតក្រុមហ៊ុន Nexperia ចេញពីម្ចាស់ដើមដែលជាក្រុមហ៊ុនចិន (Wingtech) កាលពីខែតុលាកន្លងទៅ។ បច្ចុប្បន្ន ភាគីទាំងពីរបានផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមឱ្យគ្នាទៅវិញទៅមក ហើយការចរចាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលទាំងពីរ នៅតែមិនទាន់មានលទ្ធផលផ្លែផ្កានៅឡើយ ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ឧស្សាហកម្មយានយន្តដែលត្រូវការបន្ទះឈីបទាំងនេះជាចាំបាច់៕