មិចស៊ិក នឹងដាក់ពង្រាយកងសន្តិសុខ ប្រមាណជិត ១០ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាពនៅ World Cup 2026
09-03-2026 15:59
(បរទេស)៖ មិចស៊ិក ប្រទេសសហម្ចាស់ផ្ទះ World Cup 2026 បានចេញប្រកាសពីគម្រោងដាក់ពង្រាយកងសន្តិសុខ ប្រមាណជិត ១០០,០០០នាក់ ដើម្បីការពារសុវត្ថិភាពជូនអ្នកគាំទ្រនៅអំឡុងកម្មវិធីដ៏ធំនេះ ចំពេលដែលការបង្រ្កាបគ្រឿងញៀន ធ្វើឡើងទូទាំងប្រទេសរហូតមកដល់ពេលនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងមួយនេះ ដែលជាដៃគូម្ចាស់ផ្ទះ WC26 ជាមួយកាណាដា និងសហរដ្ឋអាមេរិក នឹងប្រើប្រាស់ចំនួន ៣ទីក្រុងធំៗ ក្នុងនោះដែរក៏មានទីក្រុង Guadalajara ដែលស្ថិតរដ្ឋធានី Jalisco ជាទីតាំងផ្ទុះហិង្សាកាលពីខែមុន ដោយសារការបង្រ្កាបក្រុមជួញដូរគ្រឿងញៀន ដែលនាំឱ្យមានមនុស្សប្រមាណ ១២,០០០នាក់បាត់ខ្លួន។
លើសពីនេះទៀត មិចស៊ិក នឹងរៀបចំការប្រកួត World Cup 2026 ជំនាន់ទី២៣ នៅក្នុងទីក្រុងធំ Mexico city និង Monterrey ដ្បិតទីក្រុងទាំងពីរនេះ ក៏រងនូវការគំរាមកំហែងពីក្រុមជួញដូរគ្រឿងញៀនទៀតផង នៅពេល World Cup ចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា ទាំង FIFA និងប្រធានាធិបតីមិចស៊ិក លោកស្រី Sheinbaum បានធានាថា បញ្ហាការគំរាមកំហែងទាំងនេះ នឹងមិនបង្កផលប៉ះពាល់ដល់កម្មវិធី World Cup ឡើយ ចំពោះអ្នកគាំទ្ររាប់លាននាក់មកទីនេះ។
បើយោងតាមមជ្ឈមណ្ឌល Mexico’s World Cup ដែលមានលោក Roman Villalvazo Barrios ជាប្រធានបានថ្លែងថា បុគ្គលិកសន្តិសុខប្រមាណជាង ៩៩,០០០នាក់ នឹងត្រូវដាក់ពង្រាយទាំង ៣ទីតាំងសំខាន់ៗខាងលើនេះ។
មិចស៊ិក គឺជាទីតាំងប្រកួតបើកឆាក World Cup 2026 ដោយម្ចាស់ផ្ទះមួយនេះត្រូវប្រឈមមុខនឹងអាហ្រ្វិកខាងត្បូងមុន គេ នាថ្ងៃទី១៦ ខែមិថុនាតែម្តង ស្ថិតក្នុងទីក្រុង Mexico City មុនពេលក្រុមជើងឯកអឺរ៉ុប អេស្ប៉ាញត្រូវប៉ះអ៊ុយរូហ្គាយក្នុងវគ្គចែកពូល ធ្វើឡើងនៅក្នុងទីក្រុង Guadalajara រួមទាំងវគ្គ ៣២ក្រុម និងវគ្គ ១៦ក្រុមថែមទៀត៕



