សហគ្រិនខ្មែរ ក្រុមហ៊ុនជាដៃគូ រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មី ដោយក្រុមហ៊ុន 2080 Ventures និងកិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប
09-03-2026 16:21
(ភ្នំពេញ)៖ សហគ្រិនខ្មែរ, 2080 Ventures និង Seedstars នៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៦ បានសហការរៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase 2026 ដោយបានប្រមូលផ្តុំសហគ្រិនឆ្នើមចំនួន ១៩រូប ដែលបានចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាលចំនួន ៤វគ្គ នៃកម្មវិធីពីរគឺ កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ក្រោមភាពជាដៃជាមួយក្រុមហ៊ុន 2080 Ventures និង កម្មវិធី ពន្លឿនធុរកិច្ចខ្មែរ ដោយសហការជាមួយក្រុមហ៊ុន Seedstars នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ។
វេទិកាផ្តោតលើប្រព័ន្ធអេកូឡូស៊ី ដើម្បីបំពេញចន្លោះរវាង ធុរកិច្ចថ្មីកម្ពុជាដែលមានសក្តានុពល និងវិនិយោគិន និងដៃគូសហការក្នុងស្រុក តំបន់ និងអន្តរជាតិ។ ការដាក់បង្ហាញនេះឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកើត មានឡើងក្នុងប្រព័ន្ធអេកូឡូស៊ី ពោលគឺស្ថាបនិកតែងតែជួបប្រទះនឹងការលំបាកក្នុងការ ស្វែងរក វិនិយោគិន និងមានឱកាស តិចតួចក្នុងការបង្ហាញខ្លួនទៅកាន់បណ្តាញសកល ទោះបីជាសកម្មភាពនវានុវត្តន៍របស់ កម្ពុជាកំពុងមានសន្ទុះ ខ្លាំងក៏ដោយ។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះ ជាសមិទ្ធផលដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដោយបានផ្សារភ្ជាប់ស្ថាបនិក និងវិនិយោគិន ដែលមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុបបានកើតឡើង។ ធុរកិច្ចថ្មីដែលបានជ្រើសរើស នឹងទទួលបានការគាំទ្របន្ថែម ដើម្បីចាប់យកឱកាសនៅលើឆាកអន្តរជាតិនាចុងឆ្នាំនេះ។ រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានប្រឹងប្រែងកសាងទំនុកចិត្តវិនិយោគិនបរទេសមកលើប្រទេសកម្ពុជា ដោយបង្កើតគំរូជោគជ័យដូចថ្ងៃនេះ»។
ឱកាសជួបជាមួយវិនិយោគិន តាមរយៈកម្មវិធីបទបង្ហាញធុរកិច្ចថ្មី ប្រកបដោយប្រសិទ្ធភាព
ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ត្រូវបានរៀបចំឡើងជា «ចំណុចប្រសព្វ» សម្រាប់ស្ថាបនិក និងវិនិយោគិន ដោយរួមបញ្ចូលនូវការធ្វើបទបង្ហាញធុរកិច្ច ការបង្កើតបណ្តាញទំនាក់ទំនង និងការផ្សារភ្ជាប់ជាមួយវិនិយោគិនទៅក្នុងកម្មវិធីតែមួយ។ ធុរកិច្ចចំនួន ១៩ ដែលបានធ្វើបទបង្ហាញទៅ កាន់វិនិយោគិន រួមមាន OneDash, PharmKulen, ScreenWise, Jomnort Creators, Kingdom Hub Agro, Interclub, Khmer Penpal, Bookeyond, WeMoney Mobile, CheckinMe, Daikou Finance Plc, New Wave, SMART, TheBoxes, Karpia Cyber, SDP, FHF Capitals PLC, and Mitosis Bioscience។
បន្ទាប់ពីវគ្គធ្វើការបង្ហាញគំនិតអាជីវកម្ម OneDash, PharmKulen, WeMoney Mobile, CheckInMe និង FHF Capital PLC ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន 2080 Ventures, Seedstars និង សហគ្រិនខ្មែរជា «ធុរកិច្ចថ្មីដែលបានជ្រើសរើស ប្រចាំឆ្នាំ២០២៦»។ ធុរកិច្ចថ្មីទាំងប្រាំនេះ នឹងទទួលបានការគាំទ្រពី សហគ្រិនខ្មែរ ដើម្បីចូលរួមព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មីក្នុងថ្នាក់តំបន់ នៅពេលចុងឆ្នាំ២០២៦ ខាងមុខនេះ។
វឌ្ឍនភាពនៃកម្មវិធីនេះលើសពីការបង្ហាញគំនិតអាជីវកម្មរបស់ធុរកិច្ចថ្មី ដោយ OneDash បានទទួលការវិនិយោគដំបូងពីក្រុមហ៊ុន 2080 Ventures ខណៈដែល Kingdom Hub Agro ក៏ទទួលបានការទទួលស្គាល់ពិសេសថាជា “Builder Who Delivers” បន្ទាប់ពីបានចុះកិច្ចសន្យា នាំចេញទិន្នផលកសិកម្មប្រមាណជាងកន្លះលានដុល្លាទៅកាន់ទីផ្សារអឺរ៉ុប។
ការអនុវត្តរបស់ 2080 Ventures ជាមួយនឹងទស្សនវិស័យក្នុងការពង្រីកវិសាលភាពធុរកិច្ចថ្នាក់តំបន់
2080 Ventures ដែលមានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក កំពុងពង្រឹងភាព ជាដៃគូជាមួយសហគ្រិនខ្មែរ ដោយផ្តល់អាទិភាពលើការអនុវត្តក្នុងកម្មវិធីពន្លឿនធុរកិច្ច ដើម្បីជួយស្ថាបនិកក្នុង ការប្រែក្លាយលទ្ធផលដំណាក់កាលដំបូង ទៅជាការរីកលូតលាស់ឥតឈប់ឈរ និងរៀបចំក្រុមការងារឱ្យ ស្របតាមការរំពឹងទុកក្នុងកម្រិតតំបន់អាស៊ាន។
លោក Timur Daudpota ស្ថាបនិកជាន់ខ្ពស់របស់ 2080 Ventures បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់យើង គឺការប្រែក្លាយធុរកិច្ចថ្មី ក្នុងដំណាក់កាលដំបូងនៅកម្ពុជា ឱ្យទៅជាធុរកិច្ចដែល អាចពង្រីកវិសាលភាពបាន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀត។ យើងមានមោទនភាព ដែលបានសហការជាមួយសហគ្រិនខ្មែរ ក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រស់រវើក នៅក្នុងប្រទេសកម្ពុជា»។
ក្រុមថ្នាក់ដឹកនាំរបស់ 2080 Ventures ប្រើប្រាស់បទពិសោធន៍ផ្នែកប្រតិបត្តិការ និងការវិនិយោគ ជាធាតុចូលក្នុងការរៀបចំកម្មវិធីនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ លោក Timur ស្ថាបនិកជាន់ខ្ពស់របស់ 2080 Ventures បានប្រកាសពីការវិនិយោគលើ OneDash និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការជួយដល់ស្ថាបនិកកម្ពុជា ដើម្បីពង្រីកវិសាលភាពធុរកិច្ច តាមរយៈការប្រឹក្សាផ្ទាល់ ការបើកផ្លូវទៅកាន់ទីផ្សារ និងការគាំទ្រជាបន្តបន្ទាប់។
ការប្រើប្រាស់ជំនាញ និងបទពិសោធន៍សាកលរបស់ Seedstars ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី
សហគ្រិនភាព
កម្មវិធី ពន្លឿនធុរកិច្ចខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ បានគាំទ្រដល់ធុរកិច្ចថ្មី តាមរយៈការអភិវឌ្ឍអាជីវកម្ម វគ្គជំរំុហ្វឹកហ្វឺន ការពិភាក្សាណែនាំផ្ទាល់ និងការផ្សារភ្ជាប់ទៅកាន់បណ្ដាញវិនិយោគិន និងសហគ្រិនសកល របស់ក្រុមហ៊ុន Seedstars។ កម្មវិធីនេះបានផ្ដោតលើធុរកិច្ចថ្មីដែលកំពុងបង្កើតចំណូល និងមានគំរូអាជីវកម្ម ច្បាស់លាស់ក្នុងវិស័យនានារួមមាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) បច្ចេកវិទ្យាសន្តិសុខ (cybersecurity) បច្ចេកវិទ្យាកសិកម្ម (agritech) បច្ចេកវិទ្យាសុខាភិបាល (healthtech) កម្មវិធីកុំព្យូទ័រ (SaaS) និងសេវាកម្មអតិថិជន។
លោក Tom Sebastian ទីប្រឹក្សាកម្មវិធីប្រចាំតំបន់អាស៊ីរបស់ Seedstars បានមានប្រសាសន៍ថា «ស្ថាបនិកដែលបានឆ្លងកាត់កម្មវិធីនេះ កំពុងបង្កើតធុរកិច្ចពិតប្រាកដមួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ចាប់ពីសេវាហិរញ្ញវត្ថុនៅតាមជនបទ រហូតដល់ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ដែលដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ប្រទេសកម្ពុជា កំពុងបង្កើតឱ្យមានលំហូរនៃកិច្ចព្រមព្រៀងវិនិយោគដំណាក់កាលដំបូង ដែលធ្វើឱ្យវិនិយោគិន ក្នុងតំបន់កាន់តែបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើង»។
វេទិកាតភ្ជាប់ធុរកិច្ចនៅកម្ពុជា ជាមួយវិនិយោគិនក្នុងស្រុក តំបន់ និងអន្តរជាតិ ព្រឹត្តិការណ៍នេះ ក៏មានជាកិច្ចពិភាក្សាជុំវិញប្រធានបទ «ទស្សនវិស័យនៃការវិនិយោគ ឱកាសពង្រីកខ្លួននៅ ក្នុងប្រទេសកម្ពុជា និងគន្លឹះខ្លះៗ សម្រាប់ធុរកិច្ចក្នុងការទាក់ទាញវិនិយោគទុន» ដែលមានការចូលរួម ពីតំណាងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ រួមមានស្ថាប័ន Plug and Play, Golden Gate Ventures, Anthill Ventures, Satori Giants, Quest Ventures, Canadia Impact Fund, សហគមន៍គាំទ្រធុរកិច្ច (Help a Startup Out), ក្រុមហ៊ុន 2080 Ventures and ក្រុមហ៊ុន Seedstars។
វេទិការនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងដំណើរនៃការអភិវឌ្ឍធុរកិច្ចថ្មី។ តាមរយៈការភ្ជាប់ទំនាក់ទំនងនេះ ស្ថាបនិកបានត្រៀមខ្លួន រួចជាស្រេចចំពោះការវិវត្តខ្លួន ពីដំណាក់កាលទទួលបានអតិថិជនដំបូង រហូតដល់ភាពជោគជ័យលើទីផ្សារ និងការវិនិយោគ។ វេទិកានាថ្ងៃនេះបានកៀរគរធុរកិច្ចថ្មី វិនិយោគិនក្នុង និងក្រៅស្រុក ដើម្បីបង្កើនទំនុកចិត្ត ការទំនាក់ទំនង និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង៕
















