Nvidia បោះទុនជួយក្រុមហ៊ុន Nscale ឱ្យហក់ឡើងដល់តម្លៃជិត ១៥ ពាន់លានដុល្លារ ត្រឹមមួយប៉ព្រិចភ្នែក

10-03-2026 09:23

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបនឹងបង្កើតថ្មី Nscale បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភព AI បន្ទាប់ពីប្រមូលទុនបានរហូតដល់ ២ ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃខ្លួនសរុបកើនឡើងដល់ ១៤,៦ ពាន់លានដុល្លារ។ មូលហេតុចម្បងដែលនាំឱ្យក្រុមហ៊ុននេះល្បីឈ្មោះភ្លាមៗ គឺដោយសារមានការចូលរួមវិនិយោគពីក្រុមហ៊ុនយក្ស Nvidia ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនធំៗដូចជា Dell, Lenovo និង Nokia ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦។

ថវិកាដ៏មហាសាលដែលប្រមូលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ AI ឱ្យកាន់តែទំនើប ចាប់តាំងពីការផ្គត់ផ្គង់បន្ទះឈីប (GPU) បណ្តាញទិន្នន័យ រហូតដល់កម្មវិធីបញ្ជាផ្សេងៗ។ គោលដៅធំបំផុតរបស់ Nscale គឺការពង្រីកខ្លួនឱ្យកាន់តែខ្លាំងនៅតំបន់អឺរ៉ុប អាមេរិកខាងជើង និងអាស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលកំពុងផ្ទុះឡើងទូទាំងសកលលោក។

លោក Josh Payne ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nscale បានបង្ហាញមោទនភាពថា ការរីកចម្រើននៃ AI នាពេលបច្ចុប្បន្ន គឺជា «ការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនរបស់លោកមិនមែនគ្រាន់តែផ្តល់សេវាកម្មទិន្នន័យធម្មតានោះទេ ប៉ុន្តែ «យើងកំពុងកសាងគ្រឹះនៃទីផ្សារ ដែលជាម៉ាស៊ីននៃបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (Superintelligence)»

គួរជម្រាបថា ការសម្រេចចិត្តបោះទុនរបស់ Nvidia ក្នុងពេលនេះ គឺជាសញ្ញាបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា ខណៈដែលក្រុមហ៊ុន Nscale កំពុងក្លាយជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគ្រឹះសម្រាប់អនាគតនៃបញ្ញាសិប្បនិម្មិត ដែលនឹងផ្លាស់ប្តូររបៀបរស់នៅ និងការធ្វើការរបស់មនុស្សជាតិ៕