គូជក់ចិត្ត! Man City ប៉ះក្រុមខ្លាំង Liverpool ក្នុងវគ្គ ៨ក្រុមពាន FA Cup

10-03-2026 09:29

(បរទេស)៖ មេឃខៀវ Manchester City ត្រូវបើកទ្វារកីឡដ្ឋាន Etihad របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមគីឡូធ្ងន់ ហង្សក្រហម Liverpool សម្រាប់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅក្នុងពិធីចាប់ឆ្នោតកាលពីរាត្រីថ្ងៃចន្ទនោះដែរ កាំភ្លើងធំ Arsenal អតីតជើងឯក ១៤សម័យកាល ក៏ត្រូវធ្វើដំណើរទៅផ្ទះរបស់ Southampton ដែលកំពុងស្ថិតនៅលេខរៀងទី៨ ក្នុងតារាង Championship បច្ចុប្បន្ន គ្រាដែល Leeds United ត្រូវធ្វើដំណើរទៅផ្ទះ West Ham United ដោយទើបទម្លាក់ Brentford ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនាយប់មិញដែរ។

ចំណែកឯ Port Vale ជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេ ដែលបានឡើងវគ្គ ១/៤ និងជាលើកទី២ ជាប្រវត្តិសាស្រ្តរបស់ពួកគេផងនោះ ត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងតោខៀវ Chelsea និងជាលើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ១៩២៩ មក។

គួរបញ្ជាក់ផងថា ការប្រកួតវគ្គចាញ់-ធ្លាក់ ៨ក្រុមចុងក្រោយនេះដែរ នឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕