រាជរដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ជាផ្លូវការចុងឆ្នាំនេះ

10-03-2026 10:39

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ នាខែវិច្ឆិកាខាងមុខ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឯកភាពជាគោលការណ៍ឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

គួរដឹងងថា កាលពីថ្មីៗកន្លងទៅ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានស្នើសុំគោលការណ៍ ដើម្បីធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្រោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាវ៉ូវីណាមអន្ដរជាតិ និងអាស៊ី ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់។

ជាមួយគ្នា សហព័ន្ធដឹកនាំដោយលោក អ៊ូ រតនា បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំការប្រកួត និងទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត ចំពោះប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស ដែលនឹងមកចូលរួមការប្រកួតជើងឯកអាស៊ី នៅកម្ពុជានាចុងឆ្នាំនេះ៕