គ្រូបង្វឹកអ៉ីរ៉ាក់ ចង់ឱ្យការប្រកួតជម្រុះ World Cup 2026 ចុងខែមីនានេះពន្យារពេល នៅចំពោះមុខសង្រ្គាម

10-03-2026 13:06

(បរទេស)៖ លោក Graham Arnold គ្រូបង្វឹកបង្គោលនៃក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ាក់ ចង់ស្នើឱ្យមានការពន្យារពេលប្រកួតជម្រុះ World Cup 2026 ដែលនឹងធ្វើឡើងនាចុងខែមីនានេះ ស្ថិតក្នុងស្ថានភាពសង្រ្គាមរវាងអ៉ីស្រាអែល-អាមេរិក និងអ៉ីរ៉ង់ដែលបានកំពុងផ្ទុះខ្លាំង។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមគម្រោងអ៉ីរ៉ាក់ នឹងត្រូវប្រឈមមុខនឹងបូលីវី ឬក៏ក្រុមជម្រើសជាតិស៊ូរីណាំ នៅឯកីឡដ្ឋានស្ថិតក្នុងទីក្រុង Monterrey ប្រទេសមិចស៊ិក នាថ្ងៃទី៣១ ខែមីនា ពីការប្រជែងកៅអីលក្ខណៈអន្តរទ្វីប inter-continental play-off ដើម្បីឡើងទៅបំពេញពូលទាំង ៤៨ក្រុមនៅ WC26 ដោយមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា។

ក៏ប៉ុន្តែអ៉ីរ៉ាក់ មានការព្រួយបារម្ភពីការធ្វើដំណើររបស់កីឡាករ និងមន្រ្តីកីឡារបស់ពួកគេទៅកាន់មិចស៊ិក ត្រង់ថាមានការរំខាននៅមជ្ឈិមបូព៌ា នៃសង្រ្គាមអ្នកជិតខាងអ៉ីរ៉ង់ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ដែលនាំឱ្យគ្រប់ជើងហោះហើរទាំងអស់ ត្រូវបានបិទតាំងពីពេលនោះមកទៀតផង។

លោក Arnold ដែលបានក្លាយជាគ្រូបង្វឹកអ៉ីរ៉ាក់តាំងពីខែឧសភា ឆ្នាំ២០២៥ ក្រោយធ្លាប់ដឹកនាំអូស្រ្តាលីបាន ៥ឆ្នាំផងនោះបានថ្លែងថា ការដាក់ក្រុមអ៉ីរ៉ាក់នៅឆ្ងាយពីសង្រ្គាមជារឿងសំខាន់ និងក៏ជាឱកាសសម្រាប់ប្រទេសនេះ ដើម្បីទទួលបានកៅអីលេង World Cup ម្តងទៀត គិតចាប់តាំងពីឆ្នាំ១៩៨៦។

បុរសសញ្ជាតិអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ថា «វានឹងមិនអាចក្លាយជាក្រុមដែលពួកយើងប្រាថ្នាចង់បាននោះទេ ដើម្បីក្លាយជាក្រុមបំផុតនាពេលនេះ ដូចកាលពី ៤០ឆ្នាំមុន។ ស្ថិតក្នុងស្ថានភាពគ្រប់ជើងហោះហើរត្រូវបានបិទ ពួកយើងព្យាយាមរកគ្រប់វិធីតាមដែលអាចធ្វើទៅបានជានិច្ច»