ក្រុមហ៊ុន PassApp និង cellcard សហការគ្នាលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា
10-03-2026 13:59
(ភ្នំពេញ)៖ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក និងក្រុមហ៊ុន សែលកាត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដែលផ្ដោតសំខាន់លើចក្ខុវិស័យរួមគ្នា ដើម្បីលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសែលកាតស្តរ រ៉ូយ៉ាល់រេលវេ ក្រោមអធិបតីភាពរបស់លោក Yap KokLeong (KL) ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោក តុប និមល ដែលជាស្ថាបនិក និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនផាសអ៊ែប។
លោក តុប និមល បានឱ្យដឹងថា ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការជាមួយក្រុមហ៊ុន សែលកាត ដែលមានចក្ខុវិស័យរួមគ្នាក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា -BetterTogether» ក្នុងគោលបំណងលើកកម្ពស់បទពិសោធធ្វើដំណើរសម្រាប់អតិថិជនរាប់លាននាក់ តាមរយៈបច្ចេកវិទ្យា 5G ជាមួយការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន។
កិច្ចសហការនេះនឹងផ្ដល់ជូនអត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជន និងអ្នកបើកបរ ផាសអ៊ែប នូវការប្រើប្រាស់កម្មវិធីកក់មធ្យោបាយធ្វើដំណើរដោយមិនចាំបាច់បង់ថ្លៃអ៊ីនធឺណិត ជាមួយសេវា Sponsored Data ក្រោមការឧបត្ថម្ភរបស់ ផាសអ៊ែប និងសែលកាត ព្រមទាំងមានការប្ដូរស៊ីមថ្មី ដែលអាចប្រើប្រាស់សេវា 5G ជូនដល់ដៃគូបើកបររបស់ក្រុមហ៊ុន ផាសអ៊ែប ដើម្បីពង្រឹងឱ្យមានស្ថិរភាពក្នុងការតភ្ជាប់ និងធានាថា អាចបម្រើអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ ចំពោះអ្នកប្រើប្រាស់ក៏អាចទិញ និងដំណើរការ eSIM របស់សែលកាត ដោយផ្ទាល់ តាមកម្មវិធីកក់មធ្យោបាយធ្វើដំណើរ ផាសអ៊ែស បានយ៉ាងងាយស្រួលក្នុងពេលឆាប់ៗនេះ។
ការចុះអនុស្សរណៈនៃការយោគយល់នេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មទេ ជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល និងបង្កើនបទពិសោធប្រើប្រាស់ថ្មីសម្រាប់ប្រជាជនកម្ពុជា។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ដៃគូបើកបរ និងអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
លោក Yap KokLeong បានលើកឡើងដែរថា ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជា សម្រាប់ប្រជាជនកម្ពុជា លោកមានចក្ខុវិស័យក្នុងការជួយឱ្យអតិថិជនរស់នៅក្នុងជីវិតឌីជីថល បានយ៉ាងពេញលេញ។ តាមរយៈកិច្ចសហការនេះលោកសង្ឃឹមថា ដៃគូបើកបរ ផាសអ៊ែប នឹងទទួលបានសេវាអ៊ីនធឺណិត និងការតភ្ជាប់ដែលមានស្ថិរភាពពីក្រុមហ៊ុនសែលកាត ដែលជួយឱ្យដៃគូបើកបរទទួលការកក់បានលឿន ទំនាក់ទំនងជាមួយអ្នកដំណើរបានងាយស្រួល និងធ្វើដំណើរបានយ៉ាងរលូន ហើយកិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនកម្ពុជា មានភាពងាយស្រួល និងជឿនលឿនតាមបែបឌីជីថល។
សូមបញ្ជាក់ថា ក្រុមហ៊ុនសែលកាត ចាប់ដំណើរការក្នុងឆ្នាំ1997 ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង 4លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ 4G/5G ឱ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាព។
អំពីក្រុមហ៊ុនផាសអ៊ែបថេកណឡជី៖ ផាសអ៊ែប(PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរស័ព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៧។ ផាសអ៊ែប(PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បច្ចុប្បន្នវិសាលភាពសេវាកម្មរបស់ផាសអ៊ែប(PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន១០រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបងកំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែបរួមមានរ៉ឺម៉ក PassApp កង់បីPassApp រថយន្ដតូចរថយន្ត ECO រថយន្ដSUV និងរថយន្ដ Comfort ជាដើម៕




