Apple ប្រឈមមុខនឹងពាក្យបណ្តឹងនៅអាល្លឺម៉ង់ រឿងវិធានការ «ឯកជនភាព» ដែលប៉ះពាល់ដល់ចំណូលអ្នកផ្សាយពាណិជ្ជកម្ម

10-03-2026 14:00

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple កំពុងស្ថិតក្រោមសម្ពាធខ្លាំងពីសំណាក់ក្រុមអ្នកបោះពុម្ពផ្សាយ និងភ្នាក់ងារផ្សាយពាណិជ្ជកម្មនៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីពួកគេបានស្នើឱ្យអាជ្ញាធរប្រឆាំងការទុកចិត្ត បដិសេធរាល់ការកែសម្រួលថ្មីៗរបស់ Apple លើប្រព័ន្ធតាមដានកម្មវិធី (ATT )។ ក្រុមទាំងនេះយល់ថា ការផ្លាស់ប្តូរដែល Apple ស្នើឡើង មិនបានដោះស្រាយបញ្ហាការប្រកួតប្រជែងមិនស្មើភាពក្នុងទីផ្សារឌីជីថលនោះទេ ហើយថែមទាំងជំរុញឱ្យមានការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនអាមេរិកមួយនេះទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ជម្លោះនេះបានផ្ទុះឡើងដោយសារមុខងារថ្មីរបស់ Apple ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ «បដិសេធ» មិនឱ្យកម្មវិធីនានាតាមដានទិន្នន័យរបស់ពួកគេ ដែល Apple អះអាងថាជាការការពារឯកជនភាព។ ប៉ុន្តែសម្រាប់អ្នកបោះពុម្ពផ្សាយ និងក្រុមហ៊ុនដូចជា Meta ជាដើម យល់ថាវាគឺជាការកម្ទេចគំរូអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ ទោះបីជា Apple បានព្យាយាមសម្របសម្រួលដោយការកែប្រែទម្រង់សារសុំការអនុញ្ញាតឱ្យមានភាពអព្យាក្រឹតជាងមុនក៏ដោយ ក៏ភាគីខាងអ្នកផ្សាយពាណិជ្ជកម្មនៅតែមិនសុខចិត្ត។

លោក Bernd Nauen នាយកប្រតិបត្តិនៃសហព័ន្ធផ្សាយពាណិជ្ជកម្មអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ក្នុងលិខិតរួមថា៖ «Apple នឹងនៅតែជាអ្នកគ្រប់គ្រងច្រកចេញចូលទិន្នន័យ (Data Gatekeeper) ហើយនឹងបន្តសម្រេចថា តើអ្នកណាខ្លះទទួលបានសិទ្ធិចូលប្រើទិន្នន័យពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងរបៀបដែលក្រុមហ៊ុននានាអាចទាក់ទងជាមួយអតិថិជនចុងក្រោយរបស់ពួកគេ»។ លោកសង្កត់ធ្ងន់ថា វិធានការរបស់ Apple នៅតែផ្ដល់ផលអវិជ្ជមានដដែលសម្រាប់អាជីវកម្មដទៃ។

គួរជម្រាបថា សមាគមអាល្លឺម៉ង់បានជំរុញឱ្យស្ថាប័នឃ្លាំមើលបញ្ជាឱ្យ Apple បញ្ឈប់ការប្រើប្រាស់ឧបករណ៍តាមដាននេះជាបន្ទាន់។ ប្រសិនបើរកឃើញថាមានកំហុសមែន Apple អាចនឹងប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់មហាសាល រហូតដល់ទៅ ១០% នៃចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុន ដែលជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតមួយក្នុងច្បាប់ប្រឆាំងការទុកចិត្តរបស់អាល្លឺម៉ង់៕