លីគអាមេរិក MLS ដាក់ពិន័យកីឡាករ Yeboah និង Jones អស់មួយជីវិត ពីបទរៀបចំលទ្ធផលទុកមុន
10-03-2026 14:16
(វ៉ាស៊ីនតោន)៖ ក្របខណ្ឌបាល់ទាត់លីគកំពូល Major League Soccer របស់សហរដ្ឋអាមេរិក បានដាក់បម្រាមខ្សែបម្រើទាំង ២រូបរួមមាន Derrick Jones និង Yaw Yeboah ពីសកម្មភាពបាល់ទាត់អស់ ១ជីវិតនៅ MLS ក្រោយរកឃើញមានជាប់ព័ន្ធទៅនឹងការរៀបចំលទ្ធផលទុកមុន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Yeboah វ័យ ២៨ឆ្នាំ បានចុះកិច្ចសន្យាលេងឱ្យក្លិបចិន Qingdao Hainiu កាលពីខែមុន នៃក្របខណ្ឌ Chinese Super League ក្រោយពេលក្លិប Los Angeles FC របស់អាមេរិកបាន រំលាយកិច្ចសន្យាចាស់កាលពីខែមករា ឆ្នាំ២០២៦។
ដូចគ្នានោះដែរ Jones វ័យ ២៩ឆ្នាំ ក៏បានផុតកិច្ចសន្យាចាស់ជាមួយក្លិប Columbus Crew កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។
បើយោងតាមការសេចក្តីថ្លែងការណ៍ពី MLS បានរកឃើញថា «កីឡាករទាំង ២រូបខាងលើនេះ មានជាប់ពាក់ព័ន្ធនឹងល្បែងនៅក្នុងបាល់ទាត់ ក្នុងនោះដែរក៏រួមបញ្ចូលទាំងក្រុមដែលពួកគេកំពុងលេងទៀតផង នៅអំឡុងរដូវកាលឆ្នាំ២០២៤ និងឆ្នាំ២០២៥»។
MLS ក៏បានរកឃើញទៀតថា មាន ១លើកកីឡាករទាំងពីរបានដាក់ភ្នាល់ថា Jones នឹងទទួលបានកាតលឿង និងក្រោយមកក៏កើតឡើងមែន នៅអំឡុងការប្រកួតរវាង Columbus Crew និង New York Red Bull កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
Jones និង Yeboah ក៏ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាកាលលេងឱ្យ Columbus Crew នារដូវកាលឆ្នាំ២០២៤ មកដែរ ដ្បិតកន្លងមក Jones ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុម U-20 និង 23 របស់សហរដ្ឋអាមេរិកទៀតផង៕



