ក្រុមហ៊ុន «AnAnA Computer» ប្រកាសផ្លូវការជាតំណាងចែកចាយផលិតផល «Dell Enterprise Storage and Networking Solutions» នៅកម្ពុជា

10-03-2026 14:39

(ភ្នំពេញ)៖ ក្រុមហ៊ុន AnAnA Computer ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Infrastructure) បានរៀបចំដោយជោគជ័យនូវកម្មវិធី «AnAnA Computer & Dell Technologies Dinner Celebration Night 2026» កាលពីរាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ ព្រឹត្តិការណ៍នេះទទួលបានជាកិត្តិយស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងពិធីបើកកម្មវិធីផ្លូវការ ដែលបង្ហាញពីការគាំទ្ររបស់ស្ថាប័នរដ្ឋ ចំពោះការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ថ្លែងនៅក្នុងមតិចំណារបើកកម្មវិធីលោក សំ សិទ្ធិសេរី បានកោតសរសើរដល់ក្រុមហ៊ុន AnAnA Computer និង Dell Technologies ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចសហការពីវិស័យឯកជននេះ គឺស្របទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពខ្ពស់ លើការចាប់យកបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច-សង្គមឌីជីថល។

ដោយឡែកថ្លែងក្នុងមតិស្វាគមន៍ លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន AnAnA Computer បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូ និងរាជរដ្ឋាភិបាល ដែលតែងតែផ្តល់សេចក្តីទុកចិត្ត។ លោកបានបញ្ជាក់ថា សិទ្ធិជាតំណាងចែកចាយពីក្រុមហ៊ុន Dell Technologies នេះ គឺស្របទៅនឹងបាវចនារបស់ AnAnA Computer គឺ «សេវាកម្មប្រកបដោយទំនុកចិត្ត និងគុណភាព (Trusted Service & Quality)»

លោក ស្រៀង ទីតូ បានបន្ថែមថា «ក្រុមហ៊ុន AnAnA Computer ប្តេជ្ញាចូលរួមគាំទ្រយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល (Digital Transformation Strategy) របស់រាជរដ្ឋាភិបាល។ ក្នុងនាមជាតំណាងចែកចាយផលិតផល Enterprise Storage និង Networking យើងខ្ញុំនឹងផ្តល់អាទិភាព និងការគាំទ្រយ៉ាងសកម្មដល់ដៃគូរបស់យើង ដើម្បីធានាថា ពួកគេអាចចែកចាយផលិតផល Dell ទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ (End Users) ដោយភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងទំនុកចិត្ត»

ទន្ទឹមនឹងនេះលោក Mak Chin Wah តំណាងក្រុមហ៊ុន Dell Technologies ប្រចាំប្រទេសកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាអបអរសាទរ និងបញ្ជាក់ពីភាពរឹងមាំនៃភាពជាដៃគូនេះផងដែរ។ ពេញមួយកម្មវិធី ភ្ញៀវកិត្តិយសទទួលបានការចែករំលែកអំពីផលិតផល និងបច្ចេកវិទ្យាឈានមុខគេរបស់ Dell ដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារទំនើបៗ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងសុវត្ថិភាពអ៊ីនធឺណិត (Cyber Resilience)។

ក្រៅពីការបង្ហាញសមិទ្ធផលបច្ចេកវិទ្យា កម្មវិធីនេះក៏មានការគោរពភ្លេងជាតិកម្ពុជា និងការសម្តែងសិល្បៈប្រពៃណីខ្មែរ រួមមាន របាំក្ងោក និងរបាំផ្លយសួយផងដែរ។ បន្ទាប់ពីពិធីលើកកែវស្រាសំប៉ាញ ជល់អបអរសាទរភាពជាដៃគូថ្មីរវាង Dell និង AnAnA រួចមក ភ្ញៀវកិត្តិយសបានអញ្ជើញទទួលទានអាហារពេលល្ងាច អមដោយការប្រគំតន្ត្រីសម័យ (Live Band) ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

តាមរយៈការទទួលសិទ្ធិជាផ្លូវការនេះ ក្រុមហ៊ុន AnAnA Computer និង Dell Technologies បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ IT នៅកម្ពុជា ដើម្បីធានាថា សហគ្រាសក្នុងស្រុកអាចទទួលបាននូវប្រព័ន្ធផ្ទុកទិន្នន័យ (Storage Ecosystems) ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងភាពទំនើប សម្រាប់ការរីកចម្រើនក្នុងយុគសម័យឌីជីថល៕