អតីតមេធំផ្នែក AI នៅ Meta កៀរគរទុនបានជាង ១ពាន់លានដុល្លារ បង្កើត AI ដែលមាន «វិចារណញាណ» ដូចមនុស្ស

10-03-2026 15:51

(បរទេស)៖ លោក Yann LeCun អតីតប្រធានផ្នែក AI ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Meta បានប្រកាសបើកទំព័រប្រវត្តិសាស្ត្រថ្មីជាមួយក្រុមហ៊ុនទើបបង្កើតថ្មីឈ្មោះ AMI (Advanced Machine Intelligence) ដោយកៀរគរទុនបានរហូតដល់ ១,០៣ ពាន់លានដុល្លារ។ ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតប្រព័ន្ធ AI បែបថ្មី ដែលមិនត្រឹមតែចេះចាំពាក្យសម្ដីដូច ChatGPT នោះទេ ប៉ុន្តែជា AI ដែលមានសមត្ថភាព «វែកញែក រៀបចំផែនការ និងយល់ដឹងពីពិភពលោកពិត» ដូចទៅនឹងខួរក្បាលមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះជឿជាក់ថា បច្ចេកវិទ្យា AI បច្ចុប្បន្នដែលគ្រាន់តែចេះទាយពាក្យ គឺនៅមានកម្រិតទាបនៅឡើយ។ លោកបានបញ្ជាក់ប្រាប់ Reuters ថា៖ «វិធីសាស្ត្រ AI បច្ចុប្បន្នដែលផ្អែកលើការទស្សន៍ទាយពាក្យ ឬភីកសែល (pixel) បន្ទាប់ នឹងមិនអាចបង្កើតភ្នាក់ងារឆ្លាតវៃដែលមានសមត្ថភាពទូលំទូលាយដោយខ្លួនឯងបានឡើយ»។ គោលដៅរបស់ AMI គឺផ្តល់សេវាកម្មដល់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនផលិតរថយន្ត អាកាសចរណ៍ និងឱសថ ដែលត្រូវការប្រព័ន្ធឆ្លាតវៃកម្រិតខ្ពស់បំផុត។

ក្រៅពីវិស័យឧស្សាហកម្ម លោក LeCun ក៏មានមហិច្ឆតាចង់ឱ្យ AI នេះចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសតាមរយៈមនុស្សយន្តបម្រើក្នុងផ្ទះ។ លោកលើកឡើងថា៖ «អ្នកត្រូវការឱ្យមនុស្សយន្តក្នុងផ្ទះមានកម្រិតយល់ដឹងទូទៅ (common sense) ខ្លះ ដើម្បីយល់ដឹងពីពិភពរូបវន្តបានពិតប្រាកដ»។ លើសពីនេះ លោកក៏កំពុងពិភាក្សាជាមួយ Meta ដើម្បីយកបច្ចេកវិទ្យានេះទៅដាក់ក្នុងវ៉ែនតាឆ្លាតវៃ Ray-Ban Meta ដែលជាគម្រោងដែលអាចលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។

គួរជ​ម្រាបថា ការបំបែកខ្លួនរបស់លោក LeCun កើតឡើងចំពេលដែលក្រុមហ៊ុន Meta ខ្លួនឯងក៏កំពុងពង្រឹងកម្លាំង AI របស់ខ្លួនយ៉ាងខ្លាំងក្លាដែរ។ ខណៈដែលពិភពលោកកំពុងជក់ចិត្តនឹង LLM លោក LeCun បែរជាជ្រើសរើសផ្លូវខុសពីគេ ដោយចង់បង្កើត AI ដែលមាន «សុភវិនិច្ឆ័យ»។ លោកបានសង្កត់ធ្ងន់ពីគោលបំណងធំរបស់ខ្លួនថា៖ «យើងចង់ក្លាយជាអ្នកផ្គត់ផ្គង់ចម្បងនៃប្រព័ន្ធឆ្លាតវៃ ទោះបីជាកម្មវិធីនោះជាអ្វីក៏ដោយ»