ស្រ្តីកូរ៉េខាងជើង បដិសេធមិនលេង និងចាកចេញពីទីលាន ពេលប៉ះក្រុមចិន នៅ Women’s Asian Cup 2026

10-03-2026 16:11

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីកូរ៉េខាងជើង បានបដិសេធមិនលេងទល់នឹងក្រុមនារីចិន និងបានចាកចេញពីទីលានផងដែរ ក្នុងកម្មវិធីជើងឯកស្រ្តីប្រចាំទ្វីបអាស៊ី AFC Women’s Asian Cup 2026 នៅប្រទេសអូស្រ្តាលី ដោយមិនពេញចិត្តទៅនឹងប្រព័ន្ធ VAR។

ពីគេហទំព័រ sport bible បានចេញផ្សាយថា ការលេងក្នុងម៉ោងថែមបង្រ្គប់វគ្គទី១ រយៈពេល ៥នាទី ក្រុមស្រ្តីចិនបានវាយបកនាំមុខ ២-១ ធ្វើបានដោយកីឡាការិនី Zhang Chengxue ពេលទទួលបាល់ free kick ដែលទាត់ដោយ Wang Shuang ដ្បិតជំនួយការអាជ្ញាកណ្តាលបានលើកទង់ថា បាល់ offside។

ទោះជាយ៉ាងណា ពេលអាជ្ញាកណ្តាលពិនិត្យ VAR ក៏ផ្តល់បាល់នោះចូលទី ដោយបង្ហាញថា Zhang ស្ថិតនៅលើខ្សែបន្ទាត់ និងស្ថិតនៅខាងក្រោមខ្សែការពារកូរ៉េខាងជើងនោះទេ។

ការសម្រេចនេះដែរ បានញាំងឱ្យក្រុមកីឡាការិនីកូរ៉េខាងជើងមានការខឹងសម្បារយ៉ាងខ្លាំង និងនាំគ្នាដើរចេញពីទីលាន បន្ទាប់ពីប្តឹងជំទាស់ទៅមន្រ្តីអាជ្ញាកណ្តាលទី៤ មិនទទួលបានជោគជ័យនោះ និងអូសបន្លាយដល់ទៅ ៣នាទី មុនពេលអាជ្ញាកណ្តាលក្នុងទីលាន ផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទី១។

ទោះជាយ៉ាង លទ្ធផល ២-១ បានបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង នៅពេលក្រុមចិនបន្តឈរនៅ កំពូលតារាងប្រចាំពូល B ដោយមាន ៩ពិន្ទុពេញ ក្រោយឆ្លងកាត់ ៣ប្រកួត តាមក្រោយដោយស្រ្តីកូរ៉េខាងជើង ក្នុងការបន្តឆ្លងចូលវគ្គ ៨ក្រុមជាបន្តទៀតដូចគ្នា។

ស្រ្តីកូរ៉េខាងជើង ត្រូវប៉ះម្ចាស់ផ្ទះអូស្រ្តាលី នៅទីក្រុង Perth នាថ្ងៃទី១៣ ខែមីនា គ្រាដែលស្រ្តីចិន ត្រូវប្រជែងជាមួយក្រុមលេខ២ ពូល C គឺស្រ្តីឆាយនីសតៃប៉ិ ១ថ្ងៃបន្ទាប់។

ស្រ្តីកូរ៉េខាងជើង គឺជាក្រុមខ្លាំងមួយនៅអាស៊ី ដែលធ្លាប់ឈ្នះជើងឯក AFC Women’s Asian Cup បាន ៣លើក និងរងជើងឯក ៣ដងដូចគ្នា៕