ក្រុមហ៊ុន Oracle សម្រេចបានចំណូលខ្ពស់ជាងការរំពឹងទុក ជំរុញដោយតម្រូវការបច្ចេកវិទ្យា AI

11-03-2026 09:51

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដោយទទួលបានចំណូលខ្ពស់ជាងការប៉ាន់ស្មានរបស់អ្នកវិភាគនៅ Wall Street។ លទ្ធផលនេះបានមកពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការសេវាកម្ម Cloud Computing ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងជិត ៧% ក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការ។

តាមរបាយការណ៍ហិរញ្ញវត្ថុ​ បង្ហាញថចំណូលសរុប សម្រេចបាន ១៧,១៩ ពាន់លានដុល្លារ (ខ្ពស់ជាងការរំពឹងទុកដែលថាត្រឹម ១៦,៩១ ពាន់លានដុល្លារ)។​ ងាកមក​ កិច្ចសន្យាអនាគត (RPO)​ កើនឡើងដល់ ៥៥៣ ពាន់លានដុល្លារ (កើនឡើង ៣២៥% ធៀបនឹងឆ្នាំមុន) ដែលជាសញ្ញាបង្ហាញពីតម្រូវការប្រើប្រាស់សេវាកម្ម AI ក្នុងទំហំធំ។​ សមមរាប់កំណើនហេដ្ឋារចនាសម្ព័ន្ធ Cloud​ គឺកើនឡើងដល់ ៤,៩ ពាន់លានដុល្លារ (កើនឡើង ៨៤%)។

ភាពជោគជ័យនេះបានជួយកាត់បន្ថយការព្រួយបារម្ភរបស់វិនិយោគិន ចំពោះការចំណាយរាប់ពាន់លានដុល្លាររបស់ Oracle ទៅលើការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Amazon (AWS) និង Microsoft (Azure)។​ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដំឡើងការព្យាករណ៍ចំណូលសម្រាប់ឆ្នាំ ២០២៧ ដល់ ៩០ ពាន់លានដុល្លារ ដែលខ្ពស់ជាងការប៉ាន់ស្មានពីមុនរបស់អ្នកវិភាគ។ លោកស្រី Safra Catz នាយកប្រតិបត្តិ (CEO) របស់ Oracle បានបញ្ជាក់ថា ការវិនិយោគជាយុទ្ធសាស្ត្រលើ Cloud និង AI កំពុងផ្តល់ផលចំណេញយ៉ាងច្រើន និងជួយពង្រឹងតួនាទីរបស់ក្រុមហ៊ុនជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា។

គួរជម្រាបថា​ ក្រៅពីទិន្នន័យហិរញ្ញវត្ថុ Oracle ក៏បានបង្ហើបពីការរៀបចំរចនាសម្ព័ន្ធក្រុមអភិវឌ្ឍន៍ផលិតផលឡើងវិញផងដែរ។ ដោយសារបច្ចេកវិទ្យា AI ជំនាន់ថ្មីអាចជួយសរសេរកូដ (Code Generation) បានយ៉ាងរហ័ស ក្រុមហ៊ុនអាចបង្កើតកម្មវិធីបានច្រើនក្នុងរយៈពេលខ្លី និងប្រើប្រាស់កម្លាំងមនុស្សតិចជាងមុន៕